Trump  ទទួលស្គាល់ថា ប្រជាជនកំពុងស្រេកឃ្លាននៅហ្គាហ្សា

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប កំពុងស្រេកឃ្លាន ហើយលោកបានសន្យាថានឹងដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស។

លោក Trump បានថ្លែងប្រាប់សារព័ត៌មាន Fox News នៅឯ Abu Dhabi ដែលជាជើងចុងក្រោយនៃដំណើរទេសចរណ៍នៅមជ្ឈិមបូព៌ាបីប្រទេសរបស់លោក។ លោកថ្លែងថា យើងចង់ថែរក្សាជីវិតមនុស្ស តែមើលចុះ មនុស្សកំពុងអត់ឃ្លាន។

លោក Trump ក៏បានលើកទ្បើងដែរថា រឿងមួយដែលមេដឹកនាំដ៏អស្ចារ្យនៃប្រទេសទាំងបីដែលខ្ញុំបានជួបគ្នាកាលពីពីរយប់មុនបាននិយាយមកខ្ញុំថា សូមជួយប្រជាជនប៉ាឡេស្ទីនផង។ លោកឆ្លើយតបថា ពួកគេកំពុងអត់ឃ្លាន ហើយលោកចង់ជួយពួកគេដោយចេញពីបេះដូង… ដូច្នេះខ្ញុំបានចាប់ផ្តើមធ្វើការលើបញ្ហានេះរួចហើយ។ លោកថា វាជាបញ្ហាដ៏ជ្រៅមួយ ប៉ុន្តែយើងនឹងដោះស្រាយវាឲ្យខានតែបាន។

ចាប់តាំងពីថ្ងៃទី ២ ខែមីនាមក អ៊ីស្រាអែលបានរក្សាការបិទច្រកឆ្លងកាត់របស់ហ្គាហ្សាសម្រាប់ដឹកជញ្ជូនស្បៀងអាហារ ជំនួយផ្នែកវេជ្ជសាស្រ្ត និងមនុស្សធម៌ ដែលធ្វើអោយវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅក្នុងតំបន់នោះ។

លោក ត្រាំ ​បាន​បន្ថែម​ថា​ ហ្គាហ្សាជាកន្លែងដ៏សែនអាក្រក់ ហើយ​វា​​បែប​នោះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ខ្ញុំ​គិត​ថា​វា​គួរ​តែ​ក្លាយ​ជា​តំបន់​សេរី ភាព។

នៅពេលត្រូវបានសួរថាតើគាត់ខកចិត្តនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ដែរឬអត់នោះ លោក Trump បាននិយាយថា “ ទេ យើងមើលទៅគាត់ដូចមានស្ថានភាពលំបាក”។ លោកបន្តថា លោក Netanyahu គឺជា “បុរសឆេវឆាវក៏ពិតមែន ប៉ុន្តែបើកុំតែដោយសារថ្ងៃទី ៧ ខែតុលា ដែលធ្វើឲ្យគាត់រងការឈឺចាប់យ៉ាងខ្លាំងដោយរឿងនោះ។

ប្រធានាធិបតី​ក៏បាន​លើក​ឡើង​ជា​លើក​ដំបូង​នូវ​សំណើ​របស់​លោក​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​កាន់កាប់​តំបន់ Gaza ក្នុង​ខែ​កុម្ភៈ ខណដែលផែនការនេះត្រូវបានប្រទេសនានាជុំវិញពិភពលោកបដិសេធយ៉ាងទូលំទូលាយ ប៉ុន្តែប្រធានាធិបតីអាមេរិកនៅបានបន្តលើកឡើងជាបន្តបន្ទាប់ក្នុងរយៈពេលបីខែកន្លងមកនេះ។

កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៥៣,០០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

Written by 

Related posts

Leave a Comment