រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពីការសិក្សាចិត្តសង្គម និងអារម្មណ៍ ដោយមានការចូលរួមពីសំណាក់ កញ្ញា Catherine Wilczek តំណាងអង្គការយូណេស្កូ ប្រចាំទីក្រុងបាងកក លោកស្រីបណ្ឌិត នីលីម៉ា ជូប្រា អ្នកឯកទេសអភិវឌ្ឍកុមារតូចតំណាង ARNEC និងឯកឧត្តម លោកជំទាវ លោក លោកស្រីដែលអញ្ជេីញមកពី គណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច នាយកដ្ឋានអប់រំកុមារតូច នាយកដ្ឋានកិច្ចការបណ្ដុះបណ្ដាល នាយកដ្ឋានវិក្រឹតការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹម ចំនួន៣២នាក់។

សិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ គឺជាផ្នែកសំខាន់មួយនៃគម្រោងដែលកំពុងដំណើរការរបស់អង្គការយូណេស្កូ ដើម្បីគាំទ្រដល់ប្រទេសជាសមាជិកក្នុងការរៀបចំដាក់បញ្ចូល SEL នៅក្នុងប្រព័ន្ធ ECCE ។ សិក្ខាសាលានេះ ជាសកម្មភាពថ្នាក់ជាតិដ៏សំខាន់មួយ ដើម្បីដំណើរការក្របខណ្ឌ APETT-SEL នៅក្នុងប្រទេសកម្ពុជា។ UNESCO សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដឹកនាំ ការរៀបចំ និងការសម្របសម្រួលបច្ចេកទេសនៃដំណើរការវគ្គបណ្ដុះបណ្ដាលនេះ ហេីយជាការរួមចំណែកដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ជាតិក្នុងការរួមបញ្ចូល SEL ទៅក្នុងការអប់រំគ្រូបង្រៀនដែលកំពុងបណ្ដុះបណ្ដាល និងបណ្ដុះបណ្ដាលបន្ដ។

ការសិក្សាពីសង្គម និងអារម្មណ៍ (SEL) គឺមានសារៈសំខាន់ក្នុងការអប់រំកុមារតូច (ECE) ព្រោះវាផ្តល់ឱ្យកុមារនូវជំនាញក្នុងជីវិតសំខាន់ៗ ដូចជាការយល់ដឹងដោយខ្លួនឯង ការគ្រប់គ្រងអារម្មណ៍ ការយល់ចិត្តអ្នកដទៃនិងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ SEL ជំរុញសមត្ថភាពរបស់កុមារក្នុងការប្រាស្រ័យទាក់ទងជាវិជ្ជមានជាមួយមិត្តភក្ដិ គ្រប់គ្រងអារម្មណ៍ និងអភិវឌ្ឍភាពធន់ ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យក្នុងការសិក្សា និងសុខុមាលភាពផ្ទាល់ខ្លួន។ រយៈពេលដំបូងនៃកុមារភាពផ្តល់នូវឱកាសដ៏ល្អសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍជាមួយនឹងគំនិតរឹងមាំ និងរាងកាយដែលមានសុខភាពល្អសម្រាប់ការកសាងសមត្ថភាព SEL ដែលមានសារៈសំខាន់សម្រាប់ការរៀនសូត្រពេញមួយជីវិតក្នុងសតវត្សទី២១ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត រដ្ឋមន្ត្រីស្ដីទី បានកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអង្គការយូណេស្កូដែលបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលពីការសិក្សាសង្គមនិងអារម្មណ៍ ដែលជារឿងដ៏សំខាន់សម្រាប់លោកគ្រូ អ្នកគ្រូក្នុងអប់រំកុមារតូចឱ្យចេះគ្រប់គ្រងលេីខ្លួនឯងនិងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។ ជាក់ស្ដែងការប្រែប្រួលក្នុងសង្គម បរិស្ថាន មនុស្សជុំវិញខ្លួន សម្ពាធការងាររបស់អាណាព្យាបាល បានជះឥទ្ធិពលទៅអារម្មណ៍របស់កុមារតូចដែលងាយរងផលប៉ះពាល់ខ្លាំងជាងគេ ហេីយសិក្ខាសាលាពិតជាឆ្លេីយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខនៅក្នុងការគាំពារ និងអភិវឌ្ឍកុមារតូច ក៏ព្រោះក្នុងវ័យកុមារតូច ការអភិវឌ្ឍខាងផ្នែកខួរក្បាលអាចទទួលនូវសម្ពាធផ្លូវចិត្ត ហេីយការធ្វេីឱ្យកុមារចេះស្គាល់ពីខ្លួនឯង ចេះគ្រប់គ្រងអារម្មណ៍ ចេះចែករំលែកក្ដីស្រឡាញ់ ចេះរួមរស់នៅជាមួយកុមារផ្សេងទៀត ធ្វេីឱ្យគាត់មានសុខភាពផ្លូវចិត្ត នាំមកនូវសុខភាព សន្តិភាពពីក្នុងថ្នាក់រៀនតូចមួយរបស់គាត់ ឈានទៅក្នុងសង្គមដេីម្បីធ្វេីឱ្យសង្គមមួយមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពិតណាស់មុខវិជ្ជា SEL ជាមុខវិជ្ជាថ្មី ប៉ុន្ដែជាមុខវិជ្ជាគោល ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ត្បិតនាពេលបច្ចុប្បន្នមនុស្សជាច្រេីនរងនូវសម្ពាធផ្លូវចិត្ត ដែលអាចឈានទៅរកការគិតអវិជ្ជមានផងដែរ ដែលនេះអាចឃេីញពីសារៈសំខាន់នៃមុខវិជ្ជា SEL ទៅក្នុងការសិក្សារបស់កុមារតូចត្រូវចាប់ផ្ដេីមពីពួកគាត់ដេីម្បីបណ្ដុះនូវមូលធនមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ។
សាជាថ្មីម្ដងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវបណ្ឌិត រដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ប្រចាំទីក្រុងបាងកក និងតំណាង ARNECដែលបានជួយគាំទ្រទាំងថវិកានិងបច្ចេកទេសដល់អង្គសិក្ខាសាលា និងសង្ឃឹមថាសិក្ខាកាមទាំងនាំយកចំណេះដឹងតាមរយៈការបណ្ដុះបណ្ដាលក្នុងអង្គសិក្ខាសាលានេះ យកបន្តទៅអនុវត្តនិងចែករំលែកដល់លោកគ្រូ អ្នកគ្រូឱ្យបានប្រសិទ្ធភាពខ្ពស់៕





