អាចជារឿងដែលមិននឹកស្មានដល់ទាល់តែសោះ ខណដែលកីទ្បាករគុនខ្មែរ ក្របីព្រៃ ពេជ្រ សម្បត្តិ វាយកីទ្បាករអេសស្បាញ ម៉ារីអូ អាល់វ៉ារេស សន្លប់នៅក្នុងទឹកទី២ ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកាលពីយប់មិញដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍បាយ័ន នៅកោះពេជ្រ រាជធានីភ្នំពេញ។

ការប្រកួតដណ្តើមខ្សែក្រវ៉ាត់លក្ខណៈហ្កង់ចេញម្រាម មានតែ ៣ ទឹកប៉ុណ្ណោះ។ នៅមុនការប្រកួតក៏មានការវិភាគច្រើនលើសមត្ថភាពកីទ្បាករទាំងពីរដោយសារតែសមត្ថភាពកីទ្បាករទាំងពីរប្រហាក់ប្រហែលគ្នា។ ប៉ុន្តែអ្វីដែលសំខាន់នោះគឺកីទ្បាករអេសស្បាញរូបនេះធ្លាប់ផ្តួលកីទ្បាករជើងខ្លាំងខ្មែរលំដាប់ A យ៉ាងតិច ២ រូបដូចជា ឈុត សេរីវ៉ាន់ថន និង ឃីម បូរ៉ា ជាដើម។

យ៉ាងណាក៏ដោយមកជួបក្របីព្រៃ ពេជ្រ សម្បត្តិ កាលពីយប់មិញ ម៉ារីអូ អាល់វ៉ារេស ហាក់ដូចជាង៉េមង៉ាមតាំងពីដើមទឹកទី១ ដោយសារតែរងនូវកណ្តាប់ដៃ ពេជ្រ សម្បត្តិ ពេញៗ ហើយត្រូវអាជ្ញាកណ្តាលរាប់នៅចុងទឹកទី១ផងដែរ។ នៅទឹកទី២ កីទ្បាករអេសស្បាញរូបនេះព្យាយាមវាយសម្រុកទៅលើ ពេជ្រ សម្បត្តិ តែត្រូវ ពេជ្រ វាយបកវិញយ៉ាងសន្ធាប់ដែលធ្វើឲ្យ អាវ៉ារេស មិនអាចទប់ទល់បានក៏ត្រូវអាជ្ញាកណ្តាលរាប់ម្តងទៀត ហើយក៏បញ្ឈប់ការប្រកួតតែម្តង៕



