ប្រទេសឥណ្ឌា បានជូនដំណឹងទៅឯកអគ្គរដ្ឋទូតនៃរដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងរុស្ស៊ីអំពីប្រតិបត្តិការ Sindoor របស់ខ្លួន ដោយលើកឡើងថា វាមិនមែនជាការធ្វើឲ្យសម្ពាធកើនឡើងនោះទេ ប៉ុន្តែវាជាការឆ្លើយតបចំពោះការវាយប្រហារភេរវកម្មនៅ Pahalgam ។

ជំនួបជាមួយបេសកជននេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri ប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការឆ្លើយតប។ យោងតាមកាសែតហិណ្ឌូ បានឲ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីបេសកជនមកពីប្រទេសរុស្ស៊ី ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងសមាជិកមិនអចិន្ត្រៃយ៍រួមមាន អាល់ហ្សេរី ដាណឺម៉ាក ក្រិក ហ្គីយ៉ាណា ប៉ាណាម៉ា កូរ៉េខាងត្បូង ស្លូវេនី និងសូម៉ាលី។
លោក Misri បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ មិនមែនសំដៅធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងនោះទេ ប៉ុន្តែដើម្បីទប់ស្កាត់ការវាយប្រហារថ្មីពីប៉ាគីស្ថាន មកលើប្រទេសឥណ្ឌា។ លោក ក៏បានព្រមានថា ឥណ្ឌា នឹងឆ្លើយតបចំពោះការកើនឡើងខាងយោធាពីប៉ាគីស្ថាន។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ឥណ្ឌា អះអាងថា ប៉ាគីស្ថាន បានបើកការវាយប្រហារនៅតាមបណ្ដោយខ្សែបន្ទាត់នៃតំបន់កស្មៀរ ដែលខ្លួនយល់ថាជាការបង្កហេតុថ្មី បន្ទាប់ពីជម្លោះផ្ទុះឡើងមក ៕

ដោយ៖ ពេជ្រ