គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីលចាប់ពីខែមិថុនា។
មានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់លោក Ancelotti ដោយរដូវកាលរបស់ Real Madrid ប្រឈមនឹងហានិភ័យនៃការបញ្ចប់ដ៏គួរឱ្យខកចិត្ត។
ការការពារក្របខ័ណ្ឌ Champions League របស់ពួកគេត្រូវបានបញ្ចប់ដោយការបរាជ័យក្នុងលទ្ធផល ៥-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Arsenal ខណៈដែលពួកគេបានធ្លាក់ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey កាលពីថ្ងៃសៅរ៍ក្រោមថ្វីជើងនឹក្រុម Barcelona ។
លទ្ធផលទាំងនោះបានធ្វើតំណែងរបស់លោក Ancelotti នៅក្នុងក្រុម Real Madrid មានភាពរង្គោះរង្គើរ បើទោះបីជាលោកបានដឹកនាំឈ្នះពានរង្វាន់ UEFA Super Cup និង FIFA Intercontinental Cup នៅរដូវកាលនេះក៏ដោយ។
លោក Ancelotti នៅតែអាចដឹកនាំ Real Madrid ឱ្យឈ្នះពានលីគ ដោយក្រុម Los Blancos ឈរតាមពីក្រោយក្រុម Barcelona ៤ពិន្ទុប៉ុណ្ណោះ ខណៈនៅសល់ ៥ ប្រកួតទៀត។ ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាលោក Ancelotti ដឹកនាំក្លឹបឱ្យឈ្នះពាន La Liga ក៏ដោយ ក៏ទំនងជាលោកនឹងចាកចេញពីក្លឹបមួយឆ្នាំ មុនពេលកិច្ចសន្យារបស់លោកផុតកំណត់នៅឆ្នាំ ២០២៦។
យោងតាមអ្នកកាសែតលោក Fabrizio Romano បានឲ្យដឹងថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល។
បើតាមការអះអាងថា Real Madrid និងលោក Ancelotti នឹងចែកផ្លូវគ្នាដោយលក្ខខណ្ឌល្អ ជាមួយនឹងការប្រកាសជាផ្លូវការដែលរំពឹងថានឹងបញ្ជាក់ពីការចាកចេញរបស់លោកផងដែរ។
ប្រេស៊ីលបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់ឱ្យលោក Ancelotti មកដឹកនាំក្រុមក្នុងការប្រកួតជម្រុះ World Cup នៅខែមិថុនាជាមួយអេក្វាឌ័រ និងប៉ារ៉ាហ្គាយ៕
