សៀមរាប៖ ពេលយប់ថ្ងៃទី ១៨ ខែមេសា ផ្ទាំងសំពត់សចាក់បញ្ចាំងភាពយន្តត្រូវបានដំឡើងលើវាលស្មៅនៅក្បែរអង្គរវត្តកម្ពុជា ដែលជាបេតិកភណ្ឌពិភពលោក។ ប្រជាជនកម្ពុជាជាង ៣០០ នាក់បានមកដល់ទីនេះដើម្បីរង់ចាំមើលភាពយន្តរបស់ចិន ។ នាថ្ងៃដដែលនេះ ព្រឹត្តិការណ៍ពិសេសអបអរខួប ១០ ឆ្នាំ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន”ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា បានប្រារព្ធធ្វើឡើងនៅទីនេះ។ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និង ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ ។

“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ជាគម្រោងដ៏សំខាន់មួយ អំពីការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដែលរួមគ្នាបង្កើតឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន”បានដំណើរការអស់រយៈពេល ១០ ឆ្នាំហើយចាប់តាំងពីឆ្នាំ២០១៦។ ក្រុមការងារចាក់បញ្ចាំងបានធ្វើដំណើរទៅដល់ខេត្តនិងក្រុងចំនួន ២៥ នៅក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងខ្សែភាពយន្ត ដោយឥតគិតថ្លៃជាង ៣០០ លើក ជូនដល់ប្រជាជនកម្ពុជា ជាង ១០ ម៉ឺននាក់ ក្នុងនោះ រួមទាំងភាពយន្ត “Crossing the Yalu River”, “Wolf Warrior 2”, “The Wind at the Bottom of the Creek” និង “Above the Line of the Creek” ជាដើម ។

ក្នុងពិធីសម្ពោធ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានថ្លែងថា យើងមានមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលជាផ្លែផ្ការបស់ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដែលបានជំរុញការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រាស្រ័យទាក់ទងសង្គមស៊ីវិលនៃប្រទេសទាំងពីរ និងជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍រួមវាសនាកម្ពុជានិងចិនក្នុងយុគសម័យថ្មី។ ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ តាមរយៈការផ្លាស់ប្តូរបុគ្គលិក រៀបចំសកម្មភាពវប្បធម៌ផ្សេងៗ ចូលរួមនិងគាំទ្រដល់ការអភិរក្ស និងជួសជុលប្រាសាទបុរាណកម្ពុជា និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យភាពយន្តបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជន និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក An Xiaoyu នាយកមជ្ឈមណ្ឌលកម្មវីធីភាសាអាស៊ីនិងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែងអស់រយៈពេល ១០ ឆ្នាំកន្លងមក “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” បានក្លាយជានាមប័ណ្ណនៃការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងប្រទេសចិន។ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន”មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជាឈ្វេងយល់ពីកម្លាំងទាក់ទាញនៃវប្បធម៌ចម្រុះរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យយើងឈ្វេងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជាផងដែរ។ ក្នុងអំឡុងពេលដំណើរការចាក់បញ្ចាំងភាពយន្ត យើងបានទៅដល់ទីក្រុង ភូមិ សាលារៀន រោងចក្រ និងជំរំយោធារបស់ប្រទេសកម្ពុជា បានបង្រួញគម្លាតគ្នាតាមរយៈការផ្លាស់ប្តូរនិងអន្តរកម្មយ៉ាងជិតស្និទ្ធ និងធ្វើឱ្យយើងឈ្វេងយល់ពីជីវភាព និងគំនិតពិតរបស់ប្រជាជនខ្មែរ។ អ្វីទាំងនេះគឺជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការចិន-កម្ពុជា។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាបមានប្រសាសន៍ថា ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ប្រារព្វធ្វើឡើងនៅខេត្តសៀមរាប មិនត្រឹមតែនាំមកនូវ ចំណីសោតទស្សន៍ដ៏អស្ចារ្យជូនប្រជាពលរដ្ឋខេត្តសៀមរាបប៉ុណ្ណោះទេ ថែមទាំងបានសាងសង់ស្ពានសម្រាប់ផ្លាស់ប្តូរវប្បធម៌ផងដែរ។ យើងសង្ឃឹមថា តាមរយៈខ្សែភាពយន្តល្អៗទាំងនេះ ប្រជាជនក្នុងតំបន់នឹងអាចឈ្វេងយល់ពីភាពទាក់ទាញនៃវប្បធម៌ចម្រុះ។ សង្ឃឹមថា នៅក្នុងខ្សែភាពយន្តចិននាពេលអនាគត យើងអាចមើលឃើញឈុតឆាកកាន់តែច្រើនឡើងៗអំពីប្រាសាទអង្គរវត្ត ដែលអាចបង្ហាញពីការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិន។

លោកស្រី Zhang Xuxia អនុប្រធានមន្ទីរឯកសារភាពយន្តចិនថ្លែងថា មិត្តភាពដែកថែបចិន-កម្ពុជាគឺ គាំទ្រគ្នាទៅវិញទៅមក និងសម្រេចក្តីបំណងជាមួយគ្នា។ ការធ្វើកិច្ចសហប្រតិបត្តិការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនឱ្យកាន់តែញឹកញាប់ជាការរំពឹងទុករបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលទើបបានលើកឡើងក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាលើកនេះ។ ចូរយើងទាំងអស់គ្នាបន្តធ្វើកិច្ចខិតខំប្រឹងប្រែងទៀត ដើម្បីជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយនិងវិស័យភាពយន្តនៃប្រទេសទាំងពីរចិននិងកម្ពុជាមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីជួយប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា រាប់អានយល់ដឹងគ្នាកាន់តែល្អ!

នៅក្នុងពិធីនេះ បានចាក់ផ្សាយ MV “ភ្នែកដែលបំភ្លឺតារា” ដែលផលិតដោយមជ្ឈមណ្ឌលកម្មវីធីភាសាអាស៊ីនិងអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសម្រាប់ព្រឹត្តិការណ៍ពិសេសអបអរខួប ១០ ឆ្នាំ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ដើម្បីរំលឹកពីការដែលក្រុមការងារចាក់បញ្ចាំងភាពយន្តធ្វើដំណើរទៅដល់គ្រប់ទីកន្លែងដោយមិនខ្លាចភាពនឿយហត់ ដើម្បីចាក់បញ្ជាងភាពយន្តជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលបង្ហាញពីចំណងមិត្តភាពរវាងប្រជាជនចិននិងកម្ពុជា ។

លោក ហួ សូទ្រី ដែលជាតំណាងទស្សនិកជននៃព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” និងជាអ្នកដឹកនាំភាពយន្តវ័យក្មេងកម្ពុជា បានចែករំលែកពីបទពិសោធជីវិតរបស់ខ្លួនដែលប្រែពីទស្សនិកជនក្លាយជាអ្នកដឹកនាំភាពយន្ត។ លោកបានរំលឹកថា កាលពីឆ្នាំ ២០១៦ ពេលលោកមានអាយុ ១៨ឆ្នាំ លោកបានមើលភាពយន្តដំបូងក្នុងជីវិតរបស់លោក ហើយចាប់តាំងពីពេលនោះមក លោកបានតាំងចិត្តថតភាពយន្ត។ កាលពីឆ្នាំមុន ទីបំផុតលោកបានត្រឡប់ទៅដល់ស្រុកកំណើត ភូមិស្គន់វិញជាមួយនឹងភាពយន្តខ្លីដែលថតដោយលោក និងបានដំឡើងផ្ទាំងសំពត់សចាក់បញ្ចាំងភាពយន្តនៅកន្លែងដែលលោកធ្លាប់មើលភាពយន្តចល័តនៅកាលពីមុន ។ លោកបានថ្លែងថា ” សូមថ្លែងអំណរគុណចំពោះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបានរៀបចំធ្វើព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ដែលបានបំភ្លឺក្តីសុបិនរបស់ខ្ញុំ ។ ខ្ញុំសង្ឃឹមថា វាអាចបន្តដំណើរទៅទៀត និងផ្តល់ក្តីសង្ឃឺមដល់កុមារកាន់តែច្រើន” ។

ខ្សែភាពយន្តចិន “Fengshen 2” ត្រូវបានចាក់បញ្ចាំងនៅក្នុងកន្លែងរៀបចំព្រឹត្តិការណ៍នេះ។ ដើម្បីអង្គុយនៅខាងមុខ ទស្សនិកជនជាច្រើនបានមកដល់កន្លែងបញ្ចាំងភាពយន្តជាមុន ពួកគេនិយាយថា៖ “យើងចូលចិត្តមើលភាពយន្តចិនខ្លាំងណាស់ ជាពិសេសតារាក្បាច់គុនដូចជា Bruce Lee និង Jackie Chan យើងតែងតែឃើញពួកគេនៅលើកញ្ចក់ទូរទស្សន៍។ ប៉ុន្តែនេះជាលើកទីមួយហើយដែលបានមើលភាពយន្តចល័ត។ ខ្ញុំពិតជារំភើបណាស់”។
បន្ទាប់ពីបញ្ចប់ពិធីសម្ពោធនៅថ្ងៃនេះ ក្រុមការងារចាក់បញ្ចាំងភាពយន្តចិន-កម្ពុជា នឹងធ្វើដំណើរទៅដល់តំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តជាច្រើនជូនចំពោះប្រជាពលរដ្ឋក្នុងតំបន់៕
