ឧត្តមសេនីយឯក Pavel Muraveiko អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីការពារជាតិទី១ បាននិយាយថា ការបង្កើតតំបន់ដែលមានកំពែងត្រូវបានគ្រោងទុកជាផ្នែកនៃការអភិវឌ្ឍន៍ប្រព័ន្ធការពាររបស់ប្រទេសបេឡារុស្ស ក្នុងគោលបំណងធានានូវនិរន្តរភាពនៃវិស័យការពារជាតិ និងធានាការការពារទឹកដីរបស់ប្រទេស។

លោក បានលើកឡើងថា យើងមានតំបន់ការពារស្ទើរតែគ្រប់តំបន់។ ការការពារតំបន់ទាំងនេះនឹងជាការទទួលខុសត្រូវរបស់អង្គភាពទាំងអស់នៃកងកម្លាំងដែនដី ដែលនឹងត្រូវដាក់ពង្រាយតាមផែនការរបស់យើង។
យោងតាមប្រធានអគ្គសេនាធិការរូបនេះ បញ្ជាក់ថា ការបង្កើតតំបន់រឹងមាំនេះ បង្ហាញថា បេឡារុស កំពុងរៀបចំការពារ ហើយគ្មានចេតនាបើកការវាយប្រហារ ឬសង្គ្រាមណាមួយទេ។
ទន្ទឹមនោះ លោក Muraveiko ក៏បានសង្កត់ធ្ងន់ថា យើងជារដ្ឋដែលស្រឡាញ់សន្តិភាព។ ភារកិច្ចចម្បងរបស់យើងគឺធានាសន្តិភាព និងការពារទឹកដីរបស់យើង ។
លោក បានបន្ថែមថា នៅក្នុងតំបន់ទាំងនេះ នឹងមានទាំងវត្តមានទាហានមកពីកងកម្លាំងប្រដាប់អាវុធ និងអង្គភាពនៃកងទ័ពដែនដី រួមទាំងកងជីវពលរបស់ប្រជាជន។ ការរៀបចំទាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញប្រជាពលរដ្ឋរបស់យើងអំពីរបៀបការពារមាតុភូមិ ។
លោក Muraveiko ក៏បានកត់សម្គាល់ពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការបង្កើតតំបន់ដែលមានកំពែងរឹងមាំ ហើយលោក ក៏រំលឹកថា យើងដឹងយ៉ាងច្បាស់ថា សូម្បីតែក្នុងសម័យសូវៀត ក៏មានដែនការពារដូចជាខ្សែរបស់ស្តាលីន និងខ្សែបន្ទាត់ Molotov នៅលើទឹកដីនៃប្រទេសបេឡារុស្ស ផងដែរ៕

ដោយ៖ ពេជ្រ