អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងបើកកិច្ចចរចាថ្មីមួយស្តីពីប្រតិបត្តិការស្ថានទូតទ្វេភាគីនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី ១០ ខែមេសានេះ។

អ្នកការទូតរុស្ស៊ីបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដោយលោកស្រីបានបញ្ជាក់ថា ទាក់ទងនឹងកិច្ចចរចាជុំទីពីររវាងរុស្ស៊ី និងសហរដ្ឋអាមេរិកស្តីពីការធ្វើឱ្យប្រតិបត្តិការស្ថានទូតទ្វេភាគីមានលក្ខណៈធម្មតា ទ្បើងវិញនោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសានេះ ខណដែលកិច្ចប្រជុំនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល។
លោកស្រីបន្ថែមថា គណៈប្រតិភូរុស្ស៊ីនឹងដឹកនាំដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកលោក Alexander Darchiyev និងជំនួយការរដ្ឋមន្ត្រីការបរទេស។ ចំណែកអាមេរិកដឹកនាំដោយលោក Sonata Coulter។
លោកស្រី Zakharova បានបន្ថែមថា អ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរនឹងចូលរួមក្នុងកិច្ចប្រជុំនេះ។ លោកស្រីក៏បានកត់សម្គាល់ដែរថាការងារលម្អិតដែលកំពុងបន្តឆ្ពោះទៅរកការលុបបំបាត់ឧបសគ្គជាច្រើន រួមទាំងបច្ចេកទេស ដែលរារាំងដល់សកម្មភាពរបស់មន្ត្រីការទូតក្នុងប្រទេសទាំងពីរនឹងត្រូវបានបន្តពិភាក្សា៕

ដោយ៖ ពេជ្រ