នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក Donald Trump ទម្លាក់គោលនយោបាយពន្ធគយឯកតោភាគី ហើយជំនួសមកវិញនូវវិធីសាស្រ្តឈ្នះ ឈ្នះ សម្រាប់ប្រទេសទាំងពីរ។

ក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទរយៈពេល ២៥ នាទីកាលពីថ្ងៃចន្ទម្សិលមិញ លោក Ishiba និង Trump បានព្រមព្រៀងគ្នាថាពួកគេនឹងតែងតាំងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចពិភាក្សា និងបន្តការសន្ទនាលើបញ្ហាពន្ធ។
លោក Ishiba បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនគឺជាអ្នកវិនិយោគធំជាងគេនៅសហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំឆ្នាំជាប់ៗគ្នាមកនេះ។ លោកបានលើកទ្បើងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងដែលថា ចំណាត់ការរបស់សហរដ្ឋអាមេរិកអាចប៉ះពាល់ដល់សមត្ថភាពរបស់ធុរកិច្ចជប៉ុនក្នុងការបន្តការវិនិយោគនៅសហរដ្ឋអាមេរិក។
លោក Ishiba ក៏បានប្រាប់លោក Trump ថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកគួរតែបន្តវិធីសាស្រ្តកិច្ចសហប្រតិបត្តិការទូលំទូលាយដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ រួមទាំងយុទ្ធសាស្រ្តពង្រីកការវិនិយោគ ជំនួសឱ្យវិធានការឯកតោភាគី។
លោក Ishiba និងលោក Trump ក៏បានព្រមព្រៀងគ្នាថាប្រទេសទាំងពីរនឹងបន្តការសន្ទនាដោយស្មោះត្រង់ និងស្ថាបនាលើបញ្ហានេះ។
ក្រោយមក លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា ក្នុងអំឡុងកិច្ចពិភាក្សា លោក Trump បានបង្ហាញពីទស្សនៈរបស់គាត់អំពីជំហរបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារពិភពលោក។លោកថា ប្រទេសជប៉ុននឹងបន្តទាមទារឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវគោលនយោបាយពន្ធរបស់ខ្លួនតាមរយៈការសន្ទនា។
លោក Ishiba ថែមទាំងបានសន្យាថារដ្ឋាភិបាលរបស់លោកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយការព្រួយបារម្ភរបស់សាធារណជន និងធុរកិច្ចជប៉ុន។
លោកបន្តថា លោកនឹងឃ្លាំមើលការវិវឌ្ឍយ៉ាងប្រុងប្រយ័ត្ននៅក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសនានា ហើយលោកអាចនឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅពេលដ៏សមស្របណាមួយសម្រាប់កិច្ចពិភាក្សាទល់មុខជាមួយលោក Trump តែម្តង៕

ដោយ៖ ពេជ្រ