លោកស្រី ចម និម្មល៖ ការតម្លើងអត្រាពន្ធគយ របស់ប្រធានាធិបតី ត្រាំ អ្នកប៉ះពាល់មុនគេគឺអ្នកបញ្ជាទិញនៅអាមេរិក និងប្រជាជនអាមេរិក

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រី ចម និម្មល បានថ្លែងបញ្ជាក់ថា ជាការពិត នៅពេលដែលតម្លើងនូវពន្ធគយជាបន្ទាន់ ឬអត្រាពន្ធទៅលើផលិតផលដែលនាំចេញទៅនោះ គឺមានន័យថា ផលិតផលនឹងឡើងថ្លៃ ហើយការឡើងថ្លៃនោះគឺនៅប្រទេសដែលជាគោលដៅ ឬជាប្រទេសនាំចូលតែម្តង។  លោកស្រីបានថ្លែងបែបនេះក្នុងបទសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជានាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥។

លោកស្រីរដ្ឋមន្ត្រី បានបន្ថែមថា៖ “ដូច្នេះការតម្លើងនេះ គឺអ្នកបញ្ជាទិញដំបូង និងប្រជាជននៅសហរដ្ឋអាមេរិក ដែលជាអ្នកប្រើប្រាស់ផលិតផលពីកម្ពុជា គឺជាអ្នកទទួលរងផលប៉ះពាល់ដំបូង ហើយផលប៉ះពាល់បន្ទាប់គឺកម្ពុជា ជាពិសេសគឺអ្នកដែលធ្វើធុរកិច្ចក្នុងវិស័យដូចជាវិស័យវាយនភណ្ឌ ស្បែកជើង សម្ភារសម្រាប់ធ្វើដំណើរជាដើម”។

លោកស្រីរដ្ឋមន្ត្រី ក៏បានពន្យល់បន្ថែមថា កិច្ចការតម្លើងអត្រាពន្ធនេះ គឺជាវិធានការរបស់សហរដ្ឋអាមេរិក ដើម្បីឱ្យមានតុល្យភាពនៃជញ្ជីញពាណិជ្ជកម្មរបស់ខ្លួនជាមួយដៃគូទាំងអស់នៅលើពិភពលោក មិនមែនធ្វើដាច់ដោយឡែកតែជាមួយកម្ពុជានោះទេ។

លោកស្រី ក៏បានអំពាវនាវដល់ជនរួមជាតិសូមកុំមានការភ័យបារម្ភ ឬមានមន្ទិលសង្ស័យពាក់ព័ន្ធនឹងដំណោះស្រាយចំពោះមុខ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ពាក់ព័ន្ធនឹងការងារនះ ហើយក្រសួង/ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បាននិងកំពុងធ្វើការងារនេះមួយចំនួនរួចមកហើយដើម្បីការពារនូវអត្ថប្រយោជន៍របស់ជាតិ ប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនី របស់យើង ជាពិសេសនៅក្នុងឧស្សាហកម្មដ៏លេចធ្លោរបស់កម្ពុជា៕

Written by 

Related posts

Leave a Comment