ចំនួនមនុស្សស្លាប់ នៅក្នុងការវាយប្រហារថ្មីរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ១៤ នាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បានឲ្យដឹងថា កងទ័ពអាកាសអ៊ីស្រាអែល ធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើទីក្រុង Rafah និងក្រុង Khan Yunis នៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន នៅថ្ងៃពុធនេះ។ អគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង ហ្គាហ្សា ក៏រងការវាយប្រហារផងដែរ។
កាលពីថ្ងៃទី១៨ ខែមីនា កងទ័ពអ៊ីស្រាអែល បានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើតំបន់ហ្គាហ្សាស្ទ្រីប។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា ការវាយប្រហារនេះគឺដោយសារតែការបដិសេធរបស់ក្រុមហាម៉ាស លើសំណើដែលធ្វើឡើងក្នុងអំឡុងពេលពិភាក្សាជាមួយអ្នកសម្រុះសម្រួល និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ។
យោងតាមអាជ្ញាធរអ៊ីស្រាអែល គោលដៅនៃប្រតិបត្តិការនេះ គឺដើម្បីធានាឱ្យមានការដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា។ ផ្ទុយទៅវិញ ក្រុមហាម៉ាស់ បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះការបន្តសកម្មភាពយោធាឡើងវិញ។
យោងតាមក្រសួងសុខាភិបាលហ្គាហ្សា បានបញ្ជាក់ថា បច្ចុប្បន្ន មនុស្សជាង ៤០០ នាក់ស្លាប់ និងជាង ៥៦០ នាក់ រងរបួសនៅក្នុងការវាយប្រហារចុងក្រោយបង្អស់ នៅហ្គាហ្សា ៕

ដោយ៖ ពេជ្រ