លោក ជា វ៉ាន់ដេត អញ្ជើញបញ្ជុះបឋមអគារសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ ថ្មី ដែលគ្រោងចំណាយថវិកាសាងសង់ជាង ១លានដុល្លារ

តាកែវ៖ អគារសាលប្រជុំ គណបក្សប្រជាជនកម្ពុជា ខេត្ត តាកែវ ថ្មី ដែលអាចផ្ទុកមនុស្សបានជិត ២ពាន់នាក់ ត្រូវបានរៀបចំធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណ បក្ស ចុះមូលដ្ឋានខេត្តតាកែវ។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សដ៏ធំមួយនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ លោក វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ លោក លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារគណបក្ស ចុះមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវបានថ្លែងបញ្ជាក់ថាសាលប្រជុំគណបក្សខេត្តតាកែវថ្មីនេះ អាចផ្ទុកអ្នកចូលរួមបានចំនួនជិត២ពាន់នាក់ ហើយក៏ជាសាលពហុបំណងនៃការជួបជុំរវាងថ្នាក់ដឹកនាំគណបក្ស និងសមាជិក សមាជិការគណបក្សចាប់តាំងពីថ្នាក់កណ្ដាល ក្រុងស្រុក ឃុំសង្កាត់រហូតដល់ភូមិ។

លោកបន្តទៀតថា សមិទ្ធផលដ៏មហិមារមួយនេះ បានបង្ហាញឱ្យឃើញពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សដែលកន្លងមកបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន និងអភិវឌ្ឍន៍លូតលាស់លើគ្រប់វិស័យ និងល្បីល្បាញលើឆាកអន្តរជាតិ នៅភាពប៉ិនប្រសព្វរបស់សម្ដេចក្នុងការដឹកនាំប្រទេស បញ្ចប់សង្គ្រាមដ៏រ៉ាំរៃរាប់ទសវត្ស នាំមកនូវសុខសន្ដិភាពជូនប្រជាជន និងប្រទេសជាតិបានរស់នៅប្រកបដោយសុខដុមរមនាដល់សព្វថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ជា វ៉ាន់ដេត ក៏បានណែនាំដល់គណបក្សខេត្តតាកែវត្រូវបង្កលក្ខណៈងាយស្រួលដល់យុវជនគណបក្សទាំងអស់ បានរៀនសូត្រពីថ្នាក់ដឹកនាំ ក្រសួងស្ថាប័នផ្សេងៗ រួមទាំងថ្នាក់ដឹកនាំគណបក្សខេត្តរបស់យើង ដើម្បីផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក យល់ដឹងពីកិច្ចការរបស់ក្រសួងស្ថាប័ននីមួយៗ ក្នុងទិសដៅជួយសម្រេចចក្ខុវិស័យនានារបស់រាជរដ្ឋាភិបាល ដាក់ចេញឲ្យទទួលបានជោគជ័យទៅថ្ងៃអនាគត។

សូមជម្រាបជូនដែរថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវថ្មី នេះ បានសាងសង់នៅបរិវេណមន្ទីរគណៈកម្មាធិការគណបក្សខេត្ត ដែលមានផ្ទៃក្រឡាសាងសង់ សរុបប្រមាណ ១.៦៨២ម២ គ្រោងចំណាយថវិកាអស់សរុបចំនួនប្រមាណ ១.២៥០.០០០ ដុល្លារអាមេរិក និងគ្រោងជួសជុលកែលម្អអគារគណបក្សចាស់ ដែលមានទទឹង ២២ម៉ែត្រ x បណ្ដោយ ៣៦ម៉ែត្រ សាងសង់អំពីបេតុងអាមេប្រក់ក្បឿង មានកម្ពស់ពីរជាន់ ដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ ។

អគារស្នាក់ការគណបក្សខេត្តតាកែវ នឹងត្រូវប្រើប្រាស់សម្រាប់ជាផលប្រយោជន៍រួម របស់គណបក្សប្រជាជនកម្ពុជា និងសមាជិក សមាជិកាគណបក្សទាំងអស់ ដើម្បីឱ្យមានកន្លែងធ្វើការសមរម្យ ទំនើប និងមានផាសុខភាព ធ្វើឡើងតាមរចនាបទរបស់ខ្មែរ សមិទ្ធផលថ្មីនេះ គឺស្ថិតក្នុងចំណោមសមិទ្ធផលរបស់គណបក្សជាច្រើនទៀត ដែលសមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងឡើង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពរបស់ប្រទេស និងប្រជាជនកម្ពុជា៕ត្រាំកក់

Written by 

Related posts

Leave a Comment