ប្រាសាទជម ជាប្រាសាទមួយក្នុងក្រុមប្រាសាទព្រះពិធូរ មានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំ ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ចំណាយពេលជាង១ឆ្នាំ៤ខែមកនេះ កំពុងមានភាពល្អប្រសើរឡើងវិញជាជំហានៗហើយ។

មុនពេលជួសជុល ប្រាសាទជម មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ ដូចជាឬសឈើចាក់បំបែករចនាសម្ពន្ធរបស់ប្រាសាទរហូតទៅដល់គ្រឹះខាងក្រោម ធ្វើឱ្យទឹកភ្លៀងហូរចូល បណ្ដាលឱ្យដីគ្រឹះចុះខ្សោយនិងស្រុតចុះ។ ថ្មរបស់ប្រាសាទនេះ បានរលុះធ្លាក់បាក់បែកខូចខាតរូបរាងជាច្រើនកន្លែង ដូចជា ផ្តែរ សសរពេជ្រ ស៊ុមទ្វារផ្នែកខាងក្រៅបានធ្លាក់ចុះដល់ដី ហើយកន្លែងខ្លះទៀតបាត់ថ្ម ថ្មក្រៀកហែកចេញពីគ្នាជាដើម។
ចាប់តាំងតែពីខែវិច្ឆិកាឆ្នាំ២០២៣ គម្រោងអភិរក្ស និងថែរក្សារបស់អាជ្ញាធរជាតិអប្សរាសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានជួយសង្គ្រោះប្រាសាទជម ដោយចាប់ផ្ដើមជួសជុលសសរខឿន សសរពេជ្រ សសរផ្អោម ស៊ុមទ្វារ ហោជាង ដំបូល និងផ្តែររបស់ប្រាសាទជមឡើងវិញ។

ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាលោក ថៃ យ៉ាម៉ង់ ឱ្យដឹងថា ការជួសជុលជំហានដំបូង គឺក្រុមការងារបានចាប់ផ្ដើមប្រមូលឯកសារចាស់ៗពីសាលាបារាំងចុងបូព៌ា ពីអភិរក្សដ្ឋានអង្គរ និងអាជ្ញាធរជាតិអប្សរាដើម្បីទុកជាឯកសារសិក្សា។ បន្ទាប់មក ក៏ចាប់ផ្ដើមសិក្សាវាយតម្លៃការខូចខាត ព្រមទាំងធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីពិនិត្យមើលរចនាសម្ពន្ធរបស់ប្រាសាទ ព្រមទាំងបានរកថ្ម កំណត់ទីតាំងថ្ម ថតនិងចុះបញ្ជីថ្ម។ល។ កាលពីឆ្នាំ២០២៣ ក្រុមការងារបានចាប់ផ្ដើមផ្គុំថ្ម ដែលរកឃើញទាំងឡាយចូលទៅទីតាំងដើមឡើងវិញដោយគោរពទៅតាមធម្មនុញ្ញអង្គរផង។
លោក ថៃ យ៉ាម៉ង់ បញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ការងារជួសជុលប្រាសាទជម សម្រេចបានលទ្ធផលប្រមាណ៦០ភាគរយហើយ។ បច្ចុប្បន្ននេះប្រាសាទជម ដែលធ្លាប់តែបាក់បែកទ្រុឌទ្រោម បានបង្ហាញរូបរាង និងសម្រស់ឡើងវិញជាបណ្ដើរៗហើយ៕


