​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ៖ គ្មានការលើកលែងដល់អ្នកមានកំហុសឡើយ

តាកែវ៖ មានប្រសាសនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ជាប្រធានសាលាដំបូងខេត្តតាកែវ  នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តីកើត រិទ្ទ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការ។

  លោក ឧបនាយករដ្ឋមន្ត្រី មានប្រសាសបន្តទៀតថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ ត្រូវពង្រឹងប្រសិទ្ធភាព និងយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្តី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥ រួមមាន៖ (ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់) ដើម្បីឲ្យការកែទម្រង់វិស័យយុត្តិធម៌ទទួលបានជោគជ័យ។ ម្យ៉ាងវិញទៀត ត្រូវពង្រឹង និងយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ  រដ្ឋមន្រ្តី បានរំម្លឹក អំពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សា នៃចៅក្រមលើកទី៣៨ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានចៅក្រម និងព្រះរាជអាជ្ញារងពិន័យ សរុបចំនួន ២៣នាក់ ក្នុងនោះចៅក្រម ចំនួន ១៤នាក់ និងព្រះរាជអាជ្ញា ចំនួន ៩នាក់ ហើយការដាក់ពិន័យនាពេលនេះ គឺមានការតឹងរឹង ដោយមានការស្ដីបន្ទោសផ្ទាល់មាត់ ចំនួន ០៤នាក់, ស្ដីបន្ទោសដោយចុះលិខិតផ្ទាល់ខ្លួនចំនួន ១១នាក់, ផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរស័ក្ដិមួយរយៈ ចំនួន ០៣នាក់, ផ្លាស់ដោយបង្ខំ ចំនួន ១នាក់, ផ្លាស់ដោយបង្ខំ និងទទួលការបណ្ដុះបណ្ដាលបន្ថែមចំនួន ០២នាក់, ផ្លាស់ដោយបង្ខំ និងទម្លាក់ឋានៈ ចំនួន ១នាក់ និងព្យួរពីការងារមិនឱ្យមានបៀវត្សរយៈពេល ៦ខែ ចំនួន ១នាក់។ ដោយលោកធាម ចន្ទ័ពិសិដ្ឋ ពីអនុប្រធានសាលាដំបូងរាជធានីភ្នំពេញមកកាន់ដំណែងជាប្រធានសាលាដំបូងខេត្តតាកែវជំនួសលោកស្រីពេជ្រ ម៉ារ៉ែន ដែលមានកំហុងហើយត្រូវដកចេញពីដំណែង   ហើយពិធីនេះដែរដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត សមត្ថកិច្ចទាំង៣អង្គភាព មន្ទីរជាវិញខេត្តនឹងអភិបាលស្រុក ក្រុង មកយ៉ាងច្រើនកុះករ។ត្រាំកក់

Written by 

Related posts

Leave a Comment