សវនករជប៉ុន លោក YAMADA MAMORU បានចុះវាយតម្លៃលើការគ្រប់គ្រងបរិស្ថានទូទៅរបស់អាជ្ញាធរជាតិអប្សរា នៅក្នុងរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

នៅក្នុងការចុះពិនិត្យនិងវាយតម្លៃនៅក្នុងតំបន់អង្គរនោះ លោក YAMADA MAMORU បានថ្លែងថាសព្វថ្ងៃនេះ អាជ្ញាធរជាតិអប្សរា បានគ្រប់គ្រងបរិស្ថានតំបន់អង្គរ ដោយអនុវត្តន៍តាមប្រព័ន្ធ ISO 14001 ជាស្តង់ដារអន្តរជាតិបានយ៉ាងល្អ។
លោកបញ្ជាក់ទៀតថា អាជ្ញាធរជាតិអប្សរា មានផែនការយ៉ាងច្បាស់លាស់លើការគ្រប់គ្រងបរិស្ថានធម្មជាតិ ព្រមទាំងបរិស្ថានមនុស្សផង ដោយលោកបានសង្កេតឃើញថា កម្មករជាច្រើន ដែលកំពុងជួសជុលខ្លោងទ្វារប្រាសាទតាព្រហ្ម គឺមានការប្រុងប្រយ័ត្នទាំងសុខភាពពីធូលីហុយ ព្រមទាំងមានការរៀបចំទុកដាក់សំណល់ថ្មដែលបាក់បែកយ៉ាងល្អបំផុត។

លោក YAMADA MAMORU មានការរំភើបនិងចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលបានឃើញអាជ្ញាធរជាតិអប្សរារៀបចំតំបន់ជុំវិញអង្គរវត្តនិងតំបន់ខ្លះទៀត ឱ្យក្លាយទៅជាទេសភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរនិងលម្អតំបន់អង្គរឱ្យកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀតនោះ។
សវនករជប៉ុន ក៏បានសរសើរអាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់រៀបចំផែនការជាស្រេច ដើម្បីការពារប្រាសាទបុរាណនានា ខណៈពេលដែលអាកាសធាតុប្រែប្រួល និងកំពុងតែធ្វើឱ្យផែនដីទទួលរងកម្តៅខ្លាំងខុសពីធម្មតានេះ៕


