ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema បាននិយាយថា អតីតមិត្តរួមក្រុម Real Madrid របស់គេ Cristiano Ronaldo មិនមែនជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលនោះទេ ផ្ទុយទៅវិញរូបគេបានជ្រើសរើសវីរបុរសប្រេស៊ីល Ronaldo Nazario ជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេល ។
ថ្លែងបន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៤-១ របស់ក្រុម Al Ittihad លើក្រុម Al Hilal កាលពីថ្ងៃទី ២៣ ខែកុម្ភៈ Benzema ត្រូវបានសួរអំពីការអះអាងនាពេលថ្មីៗនេះរបស់ Cristiano Ronaldo ដែលថាគាត់គឺជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
Benzema បានប្រាប់សារព័ត៌មាន TNT Sports ថា “ខ្ញុំគិតថាអ្នកគ្រប់គ្នាអាចនិយាយអ្វីដែលពួកគេចង់បាន”។ “ប្រសិនបើគាត់គិតថាគាត់ជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ នោះគឺអាស្រ័យលើគាត់ ប៉ុន្តែខ្ញុំយល់ថាកីឡាករល្អបំផុតគឺ Ronaldo មកពីប្រេស៊ីល”។
ការលើកឡើងបែបនេះរបស់ Benzema គឺវាផ្ទុយទៅនឹងបទសម្ភាសន៍កាលពីឆ្នាំ ២០១៤ របស់រខ្លួនជាមួយសារព័ត៌មាន Telefoot ពេលនោះ Benzema បានហៅ Cristiano Ronaldo ថាអស្ចារ្យបំផុតគ្រប់ពេល។ នៅពេលនោះ អ្នកទាំងពីរគឺជាមិត្តរួមក្រុមនៅ Real Madrid ៕
