បន្ទាយមានជ័យ៖ បន្ទាប់ពីមានករណីមនុស្សលោតសម្រាប់ខ្លួនពីលើអគារ កាស៉ីណូក្រោនរីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ។

ជាលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះ PID NHARTONO ភេទប្រុស អាយុ37ឆ្នាំ ជនជាតិឥណ្ទូនេស៉ី ជាបុគ្គលិកកាស៉ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តរួមការងារ ក្នុងកាស៉ីណូ ទើបបង្កឲ្យមានហឹង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣នៃអគារកាស៉ីណូទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។

ភ្លាមៗនោះដែរកម្លាំងនគរបាលយើងបាន ឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ធូនេស៉ីចំនួន៥នាក់យកមកសួរនាំ រួមមាន: ១-ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ជនដៃ ដល់), ២-ឈ្មោះ៖ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៣-ឈ្មោះ៖ GERY CAHYADI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៤-ឈ្មោះ NICO ANDREAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី, ៥-ឈ្មោះ WIRIANI ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង ៥នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានជម្លោះ និងបានប្រើអំពើហិង្សា ជាមួយជនរងគ្រោះខាងលើពិតប្រាកដមែន។ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានកំពុងសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕


