កិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមនៅទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់ស៊ីនហួរ។

លោក ស៊ី បានទៅដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្រៅផ្លូវការលើកទី ៣២ នៅទីក្រុងក្យុងជូ ប្រទេសកូរ៉េខាងត្បូង។
លោកត្រូវបានអមដំណើរដោយនាយកការិយាល័យទូទៅនៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តចិន (CPC) លោក កៃ ឈី រដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី និងឧបនាយករដ្ឋមន្ត្រី ហេ លីហ្វេង។

ក្រសួងការបរទេសចិន បានឱ្យដឹងមុនកិច្ចប្រជុំថា មេដឹកនាំទាំង ២ នឹងពិភាក្សាលើបញ្ហាទំនាក់ទំនងទ្វេភាគី និងប្រធានបទផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។
ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក ត្រាំ ក៏បង្ហាញក្ដីសង្ឃឹមថាកិច្ចប្រជុំនេះនឹងសម្រេចបាននូវកិច្ចព្រមព្រៀងលើលក្ខខណ្ឌសម្រាប់ការធ្វើពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ ដោយបន្ថែមថា លោក មានបំណងបន្ថយពន្ធបន្ថែមលើទំនិញចិន ផងដែរ៕


ដោយ៖ ពេជ្រ
