ដើម្បីឆ្លើយតបនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំទទុង ស្រុក ដងទុង ខេត្តកំពត ឯកឧត្តម ខៃ ប៊ុនធឿន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត និងសហការី រួមជាមួយអាជ្ញាធរឃុំ បានដាក់គ្រឿងចក្រជួលជុលផ្លូវលំមួយខ្សែ ប្រវែង៤០០០ម៉ែត្រ ចាប់ពីចំនុចលើទំនប់ស្តុកធ្លក រហូតដល់តូបអ៊ីស៊ុន ខាងជើងវត្តត្រពាំងនៀល ឃុំទទុង ស្រុកដងទុង ខេត្តកំពត ដោយបច្ចុប្បន្ន ផ្លូវលំមួយខ្សែនេះ មានសភាពទ្រុឌទ្រោម (មានគ្រលុកសំបុកមាន់ច្រើន) ហើយពិបាកជាខ្លាំងក្នុងការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ដឹកសមិទ្ធផលនានាៗទៅរកទីផ្សារជាពិសេសក្នុងការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្សទៅសាលារៀន។

តាមរយៈសកម្មភាពនេះប្រជាពលរដ្ឋនៅឃុំទទុង បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការចុះជួយដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ខៃ ប៊ុនធឿន ដែលជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ពីព្រោះសំណូមពររបស់ពួកគាត់ត្រូវបានឆ្លើយតបទាន់កាលៈទេសៈ ។ បងប្អូនប្រជាពលរដ្ឋក្នុងឃុំទទុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ ឯកឧត្តម ខៃ ប៊ុនធឿន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ដោយចាត់ទុកថា សមិទ្ធផលដែលកើតឡើងនេះ គឺជាការយកចិត្តទុកដាក់របស់ឯកឧត្តម និង សហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងកង្វល់នានា របស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានទាន់ពេលវេលា ។

ជាមួយគ្នានេះ លោកមេឃុំទទុង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយឃុំ ជាពិសេសឯកឧត្តម ខៃ ប៊ុនធឿន ដែលបានផ្តល់ នូវសមិទ្ធផលទាំងនេះ ។
សូមជម្រាបជូនថា៖ក្រៅពីការជួយជួសជុលផ្លូវលំមួយខ្សែនេះឯកឧត្តម ខៃ ប៊ុនធឿន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត បានជួយកសាង និងជួសជួលផ្លូវជាច្រើនខ្សែទៀតរាប់មិនអស់ រួមទាំងការជួយកសាងទីស្នាក់គណបក្សប្រជាជនកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើន ដូចកសាងសាលារៀន មន្ទីពេទ្យ វត្តអារាម ជាដើម ដែលស្ថិតនៅក្នុងស្រុកចំនួន៥ នៃខេត្តកំពត រួមមាន ស្រុកឈូក ស្រុកដងទង់ ស្រុកជុំគិរី ស្រុកបន្ទាយមាស និងស្រុកអង្គជ័យ ៕






