ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានលើកទ្បើងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) លោក Faustin-Archange Touadera បានជួបពិភាក្សាគ្នានៅក្នុងការសន្ទនាតាមទូរស័ព្ទអំពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ប្រធានាធិបតីរុស្ស៊ីក៏បានបញ្ជាក់ជូនសមភាគីពីការត្រៀមខ្លួនរបស់ទីក្រុងម៉ូស្គូសម្រាប់ការបន្តជួយដល់ទីក្រុង Bangui ក្នុងការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេស។
តាមសេចក្តីថ្លែងការណ៍បានសរសេរថា “មេដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ ដោយផ្តោតលើការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្ម និងការធានាស្ថិរភាពនៅទូទាំងសាធារណរដ្ឋអាហ្វ្រិកកណ្តាល”។
សេចក្តីថ្លែងការណ៍បានបន្តថា “ភាគីរុស្ស៊ីបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួនដើម្បីបន្តជួយ CAR ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស”។ ការិយាល័យសារព័ត៌មានរបស់វិមានក្រឹមឡាំងបានបន្ថែមថា លោក “Faustin-Archange Touadera បានសម្តែងការដឹងគុណចំពោះការគាំទ្រដ៏ទូលំទូលាយដែលផ្តល់ដោយប្រទេសរុស្ស៊ី។
គួររំលឹកថា រុស្ស៊ីបាននិងកំពុងជួយ CAR ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅអាហ្វ្រិកកណ្តាល រួមទាំងការចូលរួមរបស់ប្រទេសនេះក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មផងដែរ។ រុស្ស៊ីក៏គាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មក្នុងស្រុក និងផលិតកម្មក្នុង CAR ថែមទៀត។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ CAR លោក Alexander Bikantov បានប្រាប់ទីភ្នាក់ងារ TASS ថា ទីក្រុងម៉ូស្គូ និងទីក្រុង Bangui កំពុងពិភាក្សាគ្នាអំពីការបង្កើតមូលដ្ឋានយោធារុស្ស៊ីនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕
ដោយ៖ ពេជ្រ