រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) លោក ជុន វ៉ាត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់និងប្រកាសបេក្ខជនឆ្នើមចំនួន ២០រូប ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ (Cambodia National Cybersecurity Competition 2025) បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

កម្មវិធីនេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. ក្នុងគោលបំណងជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។

លោក ជុន វ៉ាត បានអបអរសាទរនិងប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោមបេក្ខភាពទាំង ១០០រូប ដែលបានចូលរួមក្នុងការប្រកួត និងទទួលបានមេដាយ ព្រមទាំងរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
– ជ័យលាភីលេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ រៀល
– ជ័យលាភីលេខ ២ លោក ស៊ុន គីមស្រួល ទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០,០០០ រៀល
– ជ័យលាភីលេខ ៣ លោក ហាក់ វិទូ ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០០ រៀល
– ជ័យលាភីលេខ ៤ លោក ប៊ុនចំណាន ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល និង
– ជ័យលាភីលេខ ៥ លោក ម៉េង រដ្ឋារី ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល។

លោករដ្ឋលេខាធិការ បានប្រកាសបេក្ខជនឆ្នើមចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតបន្តទៀត។
កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ក្នុងការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជានិងក្នុងតំបន់៕






