គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការ អប់រំ និងផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក ២០២៤ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដោយផ្ដើមចេញពីវិទ្យាល័យបាក់ទូករាជធានីភ្នំពេញ។
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ដែលជាគ្រូឧទ្ទេសបានឱ្យដឹងថា ប្រធានបទឆ្នាំនេះ គឺអប់រំពី គុណតម្លៃកីឡាអូឡាំពិក សិក្សាជាមួយការលេង ដែលជាការទន្ទឹមគ្នារវាងការសិក្សា និង គុណតម្លៃអូឡាំពិក។ ទន្ទឹមនឹងនោះក៏មានសកម្មភាពកីឡា សាមគ្គីភាព ដែលបង្ហាញពីគុណតម្លៃអូឡាំពិក។ ឆ្នាំនេះ គណៈកម្មការរៀបចំគ្រោងធ្វើឡើងនៅ១០សាលាក្នុងរាជធានីខេត្តនានា។ ក្នុងនោះនៅរាជធានីភ្នំពេញមាន៤សាលា និងនៅតាមបណ្ដាខេត្តមានដូចជា ខេត្តកែប និងខេត្តកំពត ក៏ដូចជាតាមបណ្ដាខេត្តមួយចំនួនទៀត។
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បន្តទៀតថា ប្រធានបទសំខាន់ដែលត្រូវផ្សព្វផ្សាយនោះគឺ ទី១ ស្ដីពីប្រវត្តិ និង ទស្សនវិជ្ជានៃគុណតម្លៃអូឡាំពិក ហើយទី២ គឺកម្ពុជាឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្ដម គ្រូឧទ្ទេស បានសង្កត់ធ្ងន់ថា បន្ទាប់ពីជោគជ័យក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ការផ្សព្វផ្សាយពីកីឡាយុវជនអាស៊ី មិនពិបាកទេ ដូច្នេះគណៈកម្មការរៀបចំរំពឹងថា ការផ្សព្វផ្សាយពីកីឡាយុវជនអាស៊ី២០២៩ នឹងកាន់តែទូលំទូលាយ។
បន្ទាប់ពីចប់ការផ្សព្វផ្សាយនៅថ្ងៃទី០១ គឺនឹងបន្តទៅវិទ្យាល័យឫស្សីកែវ នៅថ្ងៃទី ២៦ ខែវិច្ឆិកា, ថ្ងៃទី២៧ ខែវិច្ឆិកា ទៅអនុវិទ្យាល័យវត្តដំបូកខ្ពស់ និងថ្ងៃទី២៨ ខែវិច្ឆិកា នៅវិទ្យាល័យ ហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ៕អត្ថបទ៖ Olympiccambodia