ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក ចង់ជួបជាមួយមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីម កាន់តែឆាប់កាន់តែល្អ។
យោងតាមមេដឹកនាំអាមេរិករូបនេះ បានលើកឡើងថា ភាគីរុស្ស៊ី គួរតែបង្ហាញជំហរធ្វើកិច្ចព្រមព្រៀង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
លោក ត្រាំ បាននិយាយក្នុងអំឡុងពេលសន្ទនាជាមួយអ្នកកាសែតថា តាមអ្វីដែលខ្ញុំឮ លោកពូទីន ក៏ចង់ជួបខ្ញុំដែរ ហើយយើងនឹងជួបឆាប់ៗតាមដែលអាចធ្វើរួច។
មេដឹកនាំអាមេរិក ក៏ត្រូវបានគេសួរផងដែរថាតើលោក គិតថាការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នឹងជំរុញឱ្យមេដឹកនាំរបស់ប្រទេសនេះធ្វើការចរចាដែរឬទេ។
ទន្ទឹមនោះ លោក ត្រាំ ឆ្លើយថា ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំគិតថាលោក ពូទីន នៅតែចង់បានកិច្ចព្រមព្រៀងមួយជាមួយយើង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២១ ខែមករា លោក ត្រាំ មិនបានច្រានចោលនូវលទ្ធភាពនៃការបញ្ឈប់ទាំងស្រុងនូវការផ្គត់ផ្គង់អាវុធរបស់អាមេរិកដល់ទីក្រុងគៀវនោះទេ ហើយថែមទាំងបញ្ជាក់ពីការត្រៀមខ្លួនក្នុងការជួបជាមួយប្រធានាធិបតីរុស្ស៊ី ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យមានការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប្រសិនបើមិនយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែន៕
ដោយ៖ ពេជ្រ