ប៉ុស្តិ៍ទូរទស្សន៍ Asharq បានផ្សាយថា ក្រុមរ៉ាឌីកាល់ប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅហ្គាហ្សា បានយល់ព្រមដោះលែងចំណាប់ខ្មាំង ៣៤នាក់ពីបញ្ជីដែលផ្តល់ដោយភាគីអ៊ីស្រាអែលក្នុងក្របខ័ណ្ឌនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅលើតំបន់ហ្គាហ្សា។ នេះបើយោងតាមការដកស្រង់ប្រភពពីក្រុមចលនាមួយនេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា បញ្ជីរាយនាមដែលដាក់ជូនដោយអ៊ីស្រាអែល និងអនុម័តដោយក្រុមហាម៉ាស ដោយបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានសម្របសម្រួលក្នុងអំឡុងកិច្ចចរចាចុងក្រោយបង្អស់។ ការដោះលែងនោះរាប់បញ្ចូលទាំងស្ត្រី កុមារ និងអ្នកដែលមានសុខភាពមិនល្អដែកត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅហ្គាហ្សាស្ទ្រីបនាពេលកន្លងទៅ។ សារព័ត៌មានបានផ្សាយដោយបញ្ជាក់ថា ចលនាហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំងទាំងនេះ ប៉ុន្តែត្រូវការពេលប្រហែលមួយសប្តាហ៍ដើម្បីកំណត់ថាតើពួកគេនៅមានជីវិតឬអត់?។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសង្កត់ធ្ងន់ថា បញ្ជីឈ្មោះមិនត្រូវបានរៀបចំដោយក្រុមហាម៉ាសនោះទេ ប៉ុន្តែត្រូវបានប្រគល់ដោយអ៊ីស្រាអែលកាលពីរដូវក្តៅមុនរួចហើយ។
កាលពីថ្ងៃទី ៥ ខែមករា ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយដោយដកស្រង់សម្តីតំណាងក្រុមហាម៉ាស់ថា ចលនានេះបានអនុម័តបញ្ជីចំណាប់ខ្មាំងចំនួន ២៤ នាក់ ដែលខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងនៅក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងស្តីពីតំបន់ហ្គាហ្សា។ ក្រោយមក លោក Dmitry Gendelman ទីប្រឹក្សាការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ទីភ្នាក់ងារ TASS ថា គ្មានបញ្ជីឈ្មោះបែបនេះត្រូវបានទទួលដោយអ៊ីស្រាអែលពីក្រុមហាម៉ាសក្នុងអំឡុងពេលពិភាក្សានោះទេ។
នៅចុងខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមហាម៉ាស់បានរាយការណ៍ថា ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ស្តីពីបទឈប់បាញ់មនុស្សធម៌ដែលមានរយៈពេលមួយសប្តាហ៍។ អ៊ីស្រាអែលបានរំដោះចំណាប់ខ្មាំង ១១០ នាក់ក្នុងអំឡុងពេលនេះ។
កាលពីថ្ងៃទី ១ ខែធ្នូ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចោទប្រកាន់ក្រុមហាម៉ាស់ថាបានរំលោភលើបទឈប់បាញ់ ហើយបានប្រកាសការប្រយុទ្ធជាថ្មីនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។ បន្ទាប់ពីកិច្ចចរចាជាច្រើនលើកដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៤ ដោយមានការចូលរួមពីអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ភាគីជម្លោះមិនអាចឈានដល់កិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងនោះទេ។
កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥ ការិយាល័យរបស់លោក Netanyahu បាននិយាយថា គណៈប្រតិភូអ៊ីស្រាអែលនឹងធ្វើដំណើរទៅប្រទេសកាតាក្នុងពេលឆាប់ៗនេះ ដើម្បីបន្តការចរចាឡើងវិញ ខណដែលជុំចុងក្រោយនៃការសន្ទនាជាមួយតំណាងអ៊ីស្រាអែលបានធ្វើឡើងនៅទីក្រុងដូហានៅចុងឆ្នាំ ២០២៤៕
ដោយ៖ ពេជ្រ