អគ្គីភ័យ បានឆាបឆេះសណ្ឋាគារមួយកន្លែងក្នុងទីក្រុងបាងកក ប្រទេសថៃ បណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ ដែលសុទ្ធសឹងតែជាភ្ញៀវបរទេស។ ចំណែកស្ថានទូតជប៉ុន បានឲ្យដឹងថា ក្នុងនោះមានពលរដ្ឋជប៉ុន ២ នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរនៅក្នុងហេតុការណ៍នោះ ខណមនុស្សច្រើនផ្សេងទៀតរងរបួសផងដែរ។
ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីយប់ថ្ងៃអាទិត្យ នៅជិតតំបន់ Khao San ដែលជាសង្កាត់កម្សាន្តមួយ មានមនុស្សកកកុញភាគច្រើនជាភ្ញៀវទេសចរបរទេស។
អាជ្ញាធរមូលដ្ឋាន ក៏បាននិយាយថា អគ្គិភ័យ ផ្ដើមចេញពីការឆាបឆេះបន្ទប់សណ្ឋាគារនោះ។ វីដេអូ បានបង្ហាញពីផ្សែងខ្មៅហុយចេញពីដំបូលអគារប្រាំមួយជាន់។
អ្នកពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងប្រហែលមួយម៉ោង ក្រោយមកទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា ស្ត្រីម្នាក់ និងបុរស ២ នាក់ មកពីបរទេស ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យនោះ ៕
ដោយ៖ ពេជ្រ