ភ្នំពេញ៖ ពិព័រណ៍មិនអចិន្ត្រៃយ៍មួយក្រោមប្រធានបទ “ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងចិនកម្ពុជា តាមរយៈសិល្បៈ និងវប្បធម៌” ត្រូវបានសម្ពោធបើកនៅសារមន្ទីរជាតិកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណាបានមានប្រសាសន៍ថា ពិព័រណ៍នេះ រៀបចំឡើងក្នុង គោលបំណង អបអរ ចំណងមិត្តភាពម៉ឺនឆ្នាំរវាងខ្មែរ-ចិន។បង្ហាញពីទំនាក់ទំនងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរដែលបានបន្តឥតដាច់តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។ វាជាពិព័រណ៍ដំបូងគេនៅសារមន្ទីរជាតិកម្ពុជា ដែលដាក់តាំងបង្ហាញសមុច្ច័យនៃសិល្បៈចិន ដែលប្រទះឃើញនៅស្រុកខ្មែរតាំងពីសម័យអង្គរដល់សម័យបច្ចុប្បន្ន។ ពិព័រណ៍នេះ មិនត្រឹមតែជាការតាំងបង្ហាញវត្ថុបុរាណនោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំងពីរដែលបានកសាងទំនុកចិត្តគ្នានិងគ្នាជាច្រើនជំនាន់មកហើយ។
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាបាន បានចាត់ទុកពិព័រណ៍នេះ ថាមានសារសំខាន់ក្នុងការថែរក្សាបេតិកភណ្ឌសម្បត្តិវប្បធម៌សម្រាប់សហគមន៍មនុស្សជាតិ និងជាការសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការវាងកម្ពុជាចិន។ ប្រទេសចិនតែងតែបានចូលរួមចំណែកក្នុងការថែរក្សាជួសជុលប្រាសាទរបស់កម្ពុជាតាមសមត្ថភាពរបស់ខ្លួន។

លោកយៀន មីងវិស្វករជាន់ខ្ពស់នៃ បណ្ឌិតសភាបេតិកភណ្ឌចិនមានប្រសាសន៍ថា ការដាក់តាំងបង្ហាញនូវវត្ថុបុរាណកម្ពុជានិងចិននេះ ពិតជាបានបង្ហាញពីការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកសម្រាប់ ប្រជាជនយើងទាំងពីរ ហើយបានបោះជំនាញទៅកាន់យុគសម័យថ្មីនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជាបានឱ្យដឹងថា ពិព័រណ៍នេះ បើកឱ្យសាធារណជនចូលទស្សនាចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៦។
សមុច្ច័យដែលដាក់តាំងបង្ហាញនេះ គឺជាវត្ថុបុរាណទាក់ទងនឹងសិល្បៈចិន ដែលសារមន្ទីរជាតិកម្ពុជាបានរក្សាទុកជាច្រើនឆ្នាំមកហើយ។ សមុច្ច័យទាំងនោះរួមមាន៖ សំរឹទ្ធ ,កុលាលភាជន៍, គ្រឿងលម្អសំណង់ពីឈើតាមផ្ទះ ឬទីសក្ការបូជាមួយចំនួនទៀត៕










