ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិបានប្រាប់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាមកពី១២ប្រទេសថា ការដោះលែងកងទ័ពកម្ពុជាពីការឃុំគ្រងរបស់ថៃ ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតី ភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជានិងថៃ គឺជាវិស័យអាទិភាពមួយចំនួនដែលបានរដ្ឋាភិបាលកម្ពុជា និងថៃ បានព្រមព្រៀងគ្នាក្រោមសេចក្តីថ្លែងការណ៍រួម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
តាមសេចក្តីប្រកាសព័ត៌មាននេះ ឧត្ដមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានធ្វើបទបង្ហាញជូនអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា(MACPP) សរុប១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ ដោយបានជម្រាបជូនពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។
លោករដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ត សន្តិភាព និងកិច្ចសហ ប្រតិបត្តិការរវាងកម្ពុជានិងថៃ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ៕
សូមអានខ្លឹមសារទាំងស្រុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដូចខាងក្រោម៖



