ក្រុមភ្នាក់ងារទេសចរណ៍ចូលរួមរំដោះទឹកជុំវិញប្រាសាទ និងយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ

ភ្លៀងធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យទឹកដក់រយៈពេលខ្លីនៅតាមប្រាសាទមួយចំនួនដែលពុំមាន​លូបង្ហូរទឹកគ្រប់គ្រាន់ ឬលូបង្ហូរទឹកមានមាត់តូចជាដើម។ ដើម្បីសម្រួលកិច្ចការងារ ឬរំដោះទឹកឱ្យ​បានទាន់ពេលវេលា​ ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំតាមគោលដៅប្រាសាទនានា បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការងារមួយនេះ និងយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ បង្ការពីគ្រោះថ្នាក់ ឬហានិភ័យនានា។

លោក ស៊ុន កែវភក្តី ប្រធានក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទតាព្រហ្ម បានឱ្យដឹងថា ជារឿយៗអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ បរិវេណប្រាសាទតាព្រហ្មដែលផ្នែកខាងក្នុងរៀងទំនាប តែងមានទឹកដក់ តួយ៉ាងនៅជ្រុងខាងត្បូងនៃសាលរបាំជាដើម។ ប្រធានក្រុមរូបនេះបញ្ជាក់ថា លោកតែងដឹកនាំក្រុមការងារដើម្បីកាយធ្វើចង្អូររំដោះទឹក ឬកាយយកកម្ទេចដី ឬរុក្ខជាតិតូច នៅតាមមាត់លូ ដើម្បីឱ្យទឹកហូរបានលឿន សម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរឡើងវិញ។

មន្រ្តីដដែលបានបញ្ជាក់ថា ក្រៅពីបរិវេណខាងក្រៅ នៅក្នុងប្រាសាទមួយចំនួនក៏មានទឹកដក់​រយៈពេលខ្លីដែរ ដោយក្នុងនោះក្រុមការងារទេសចរបានព្យាយាមយកសម្ភារផ្សេងៗ ដើម្បីដួស ឬសាចទឹកចេញពីផ្លូវដើររបស់ភ្ញៀវទេសចរ។

បន្ថែមពីនេះ ប្រធានក្រុមភ្នាក់ងារទេសចរណ៍ក៏បានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តប្រាសាទតាព្រហ្ម និងប្រាសាទផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្ន ដូចជាមិនត្រូវដើរ​នៅកន្លែងមានទឹកដក់ កន្លែងសើម បង្ការក្រែងរអិល និងមិនត្រូវចូលទស្សនាទីតាំងដែល បានដាក់ស្លាកសញ្ញា «ហាមចូល»​ ជាដាច់ខាត ដែលជាទីតាំងមានហានិភ័យ។

គួរជម្រាបថា ក្រៅពីប្រាសាទតាព្រហ្ម ក្រុមភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពភ្ញៀវទេសចរ និងរៀបចំសោភ័ណតាមប្រាសាទឱ្យ​បានស្អាតជានិច្ច ស័ក្តិសមនឹងតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក៕

Written by 

Related posts

Leave a Comment