ខេត្តរតនគិរី÷ វត្តឧទ្ធម្ពរគិរីរតនារាម ស្ថិតនៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី សាឡំបានកសាងឡើងនៅកំឡុងឆ្នាំ២០០៨ ធ្វើអំពីឈើមានទំហំទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ ជញ្ជាំងក្តារព័ទ្ធជុំវិញនិងប្រក់ស័ង្កសី មានព្រះសង្ឃគង់នៅវត្ត ៦អង្គ ដោយវត្តនេះប្រាជិកមិនមានពុទ្ធបរិស័ទចូលមកធ្វើបុណ្យទាននោះទេ ហើយព្រៃដុះស៊ុបទ្រុបព័ទ្ធជុំវិញ។នេះបើតាមការបញ្ជាក់ពីលោក ជុន សុខចាន់ គណៈកម្មការវត្តឡើងមកថ្មី។

លោក ជុន សុខចាន់ គណៈកម្មការវត្តបានបញ្ជាក់ទៀតថា បន្ទាប់ពីគណ:កម្មការវត្តចាស់បាននៅយូរមកហើយមិនមានលទ្ធភាពនិងកសាងបន្តទៅទៀត ដូចជាសាលាឆាន់ជាដើម ប្រជាពលរដ្ឋនៅក្នុងភូមិ,ឃុំខាងលើ បាននាំគ្នាបោះឆ្នោតជូនលោកឲ្យជាប់ជាគណកម្មការវត្តថ្មីដើម្បីនិងកសាងបន្តឲ្យមានការរីកចម្រើនបន្តទៀត។
លោកថា ដោយមានការចូលរួមនិងពិភាក្សាជាមួយលោកតាំង ឆេងហុង ជាប្រជាពលរដ្ឋនៅក្នុងភូមិដើម្បីគៀងគរកមូលនិធិនិងកសាងវត្តមួយនេះឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈវត្តនេះបានកសាងឡើងជិត២០ឆ្នាំមកហើយ ពុំមានការរីកចម្រើនទៅមុខទាល់តែសោះ។

លោក តាំង ឆេងហុង ជាប្រជាពលរដ្ឋនៅក្នុងភូមិបានបញ្ជាក់ដែរថា លោកមើលឃើញអំពីស្ថានភាពវត្តមានការទ្រុតទ្រោមជាខ្លាំង ផ្លូវចូលមកវត្តក៏ពិបាកក្នុងការធ្វើដំណើររបស់ពុទ្ធបរិស័ទ លោកនិងខំកសាងបន្តដើម្បីរកសប្បរសជនជិតឆ្ងាយ ជួយជាប្រេង ជាសម្ភារៈនិងថវិកាមួយចំនួន ដើម្បីយកមកឈូសឆាយនិងត្រាស់សេធ្វើផ្លូវចូលមកព្រះវិហារ។
លោក តាំង ឆេងហុង បានបញ្ជាក់ទៀតថា លោកទើបតែនិងផ្តួចផ្តើមអនុវត្តកសាងនៅទីតាំងនៃព្រះវិហារនេះថ្ងៃទី១៣ ខែ០៧ ឆ្នាំ២០២៥ លោកបានចំណាយថវិកាផ្ទាល់ខ្លួនផង រួមទាំងសប្បុរសជនជិតឆ្ងាយបានជួយជាប្រេង ជាសម្ភារៈប្រើប្រាស់ដើម្បីឈូសឆាយផ្លូវដោយប្រើពេលវេលាយូរ ទម្រាំឈូសឆាយផ្លូវឡើងទៅលើភ្នំនិងកំពូលភ្នំដោយមានចំណោទចោទឡើងខ្លាំង។

ព្រះវិហារកំពុងសាងសង់បានប្រមាណ១០%ហើយ រៀបចំចាក់គ្រឹះនិងរៀបចំចាក់ធ្នឹមជុំវិញមានទទឹង១៣ម៉ែត្រ បណ្តោយ២៤ម៉ែត្រ និងចាក់ខឿនព្រះវិហារកម្ពស់១ម៉ែត្រ៣តឹក ទទឹង២៧ម៉ែត្រ បណ្តោយ៣៨ម៉ែត្រ។ក្នុងនោះផ្លូវចាក់បេតុងឡើងទៅលើព្រះវិហារមានប្រវែង៣០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់១៦សង់ទីម៉ែត្រ ធ្វើបាន៥០%ហើយ។
ចំណែកផ្លូវមួយកន្លែងទៀតកំពុងឈូសឆាយឡើងទៅលើអាស្រមនិងអសនៈ លើកំពូលភ្នំដ៏ខ្ពស់សន្លឹម ផ្លូវទទឹង១០ម៉ែត្រ បណ្ដោយ៩៥០ម៉ែត្រ ជាកន្លែងបន់ស្រន់និងសុំសេចក្តីសុខសប្បាយ របស់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយ ដែលមានជំនឿទៅលើព្រះពុទ្ធសាសនា។
សូមបញ្ជាក់ថា ផ្លូវចូលមកវត្តឧទ្ធម្ពរគិរីរតនារាមក្នុងស្រុកបរកែវ ពីក្លោងទ្វារវត្តជាប់ផ្លូវជាតិលេខ៧៨ ចូលមកខាងក្នុង ២គីឡូម៉ែត្រ មានដាក់ក្លោងទ្វារវត្តសម្រាប់ជាសញ្ញាឲ្យបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលមកដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់សាច់ញាតិក្រុមគ្រួសារដែលបានចែកឋានទៅហើយនោះ៕


