​កងកម្លាំងចម្រុះយោធាសៀមបន្តទន្ទ្រានឈូសឆាយដីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់

បន្ទាយមានជ័យ៖ កងកម្លាំងចម្រុះយោធាសៀម  នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តទន្ទ្រានទឹកដីកម្ពុជាទាំងខុសច្បាប់ តាមរយៈការឈូសឆាយ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សកម្មភាពគឃ្លើនរបស់កងកម្លាំងចម្រុះរបស់ថៃ គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា រំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមសង្កេតការណ៍ដោយម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតំណាងប្រទេសចិន។

បើតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ GBC កន្លងទៅ ដោយភាគីកម្ពុជា និងថៃ ដែលបានឯកភាពគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនឈរជើងក្នុងពេលព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២យប់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ពិសេសមិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់ទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។

គួរឱ្យដឹងថា ក្នុងកិច្ចប្រជុំ GBC កន្លងទៅ ភាគីទាំងពីរ ក៏ព្រមព្រៀងគ្នាមិនប្រព្រឹត្តសក ម្មភាពបង្កហេតុណាមួយ ដែលនាំឱ្យមានភាពតានតឹងឡើងវិញផងដែរ រាប់ទាំងការមិនសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានហួសពីដែនរបស់ខ្លួនឡើយ។ ដូច្នេះសកម្មភាពទាំងឡាយណាចូលដីកម្ពុជាក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាការរំលោភបំពានបទឈប់បាញ់រវាងប្រទេសទាំងពីរ៕

Written by 

Related posts

Leave a Comment