ក្រុមការងារក្រសូងសាធារណការ និងដឹកជញ្ជូនដឹកនាំដោយ លោក ឡាវ វ៉ាន់ រដ្ឋលេខាធិការ និង លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះត្រួតពិនិត្យខ្សែផ្លូវទទួលរងការខូចខាតដោយសារទឹកជំនន់ និងវឌ្ឍនភាពគម្រោងស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
បេសកកម្មនេះធ្វើឡើង ដើម្បីពិនិត្យមើលស្ថានភាពផ្លូវមួយចំនួន និងសម្រួលដល់ការធ្វើដំណើរ ធានាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវមួយចំនួនដែលមានការហូរច្រោះ និងខូចខាតដោយសារភ្លៀងធ្លាក់ច្រើនបន្តបន្ទាប់ ក៏ដូចជាពិនិត្យទៅលើវឌ្ឍនភាពគម្រោងមួយចំនួនស្ថិតនៅក្នុងតំបន់ទាំងនេះ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០ ចំណុចផ្លូវអន្ទង់អាំង) លើកំណាត់ផ្លូវជាតិលេខ៥៥ មានករណីទឹកហូរច្រោះបង្កជាការបាក់ដីមួយចំនួននៅលើផ្លូវ ដោយមូលហេតុភ្លៀងធ្លាក់ខ្លាំង (៧ថ្ងៃជាប់ៗគ្នា) ៕



