អ៊ីតាលី៖ ពូទីន មិនចង់បានសង្គ្រាមលោកលើកទី ៣ ទេ

រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនចាប់អារម្មណ៍ក្នុងការបញ្ឆេះជម្លោះជាសកលនោះទេ ដោយឆ្លើយតបទៅនឹងការអះអាងដែលថា ទីក្រុងម៉ូស្គូ អាចនឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងប្រទេសសហភាពអឺរ៉ុប។

កាលពីថ្ងៃមុន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា រុស្ស៊ី អាចកំណត់គោលដៅលើប្រទេសអ៊ីតាលី ឬប្រទេសអឺរ៉ុបផ្សេងទៀត ជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ដោយកាលពីពេលថ្មីៗនេះ ប៉ូឡូញ និងអេស្តូនី បានចោទប្រកាន់ទីក្រុងមូស្គូពីបទរំលោភលើដែនអាកាស ខណៈរុស្ស៊ី ច្រានចោលថាមិនពិត។

លោក Tajani បានលើកឡើង នៅក្នុងសុន្ទរកថា ថា ខ្ញុំគិតថាពូទីន មិនចង់ចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ ទេ ដូច្នេះខ្ញុំសូមឱ្យប្រជាជនអ៊ីតាលីទាំងអស់ កុំបារម្ភ។

លោក បានបន្ថែមថា ខ្ញុំមិនជឿថាលោកពូទីន ចង់បញ្ជូនយន្តហោះគ្មានមនុស្សបើកមកវាយប្រហារពួកយើងទេ។

គួរបញ្ជាក់ថា កាលពីដើមខែកញ្ញា ប្រទេសប៉ូឡូញ បានចោទប្រកាន់រុស្ស៊ីថារំលោភលើដែនអាកាសរបស់ខ្លួនដោយប្រើយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ខណៈរដ្ឋមន្ត្រីការបរទេស លោក Radoslaw Sikorski ធ្លាប់ព្រមានថា ការឈ្លានពានណាមួយនឹងត្រូវឆ្លើយតបដោយកងកម្លាំង៕

ដោយ៖ ពេជ្រ                       

Written by 

Related posts

Leave a Comment