យុវជនមួយក្រុមដែលជាកូនចៅអ្នកស្រុកអង្គរ បានរួមគ្នាបង្កើតអាជីវកម្មថ្មីៗ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងតំបន់ តារយៈផ្តល់ការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្នែកកាហ្វេនិងភេសជ្ជៈដល់យុវជន និងការគាំទ្រផលិតផលក្នុងស្រុក។

លោក សូត្រ សួរ តំណាងក្រុមយុវជននៅស្រុកប្រាសាទបាគង បានបង្ហាញថា ការបង្កើតអាជីវកម្ម ដែលមានឈ្មោះថា Pop up cafe នេះ គឺដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចក្នុងមូលដ្ឋាន តាមរយៈផ្តល់ការងារ ឱ្យមានចំណូលសម្រាប់អ្នកបម្រើការងារ ជួយបណ្តុះបណ្តាលធនធានមនុស្សអំពីការធ្វើភេសជ្ជៈជាច្រើនមុខ ច្រើនប្រភេទ ដូចជាកាហ្វេក្តៅ ត្រជាក់ ប្រភេទ ប្រើគ្រីម ប្រភេទក្រឡុក បង្រៀនធ្វើនំ ការ៉េមដុំ និងការ៉េមទន់ ព្រមទាំងសេវាកម្ម និងអនាម័យ។

លោក សូត្រ សួរ បន្តថា ក្នុងនាមកូនចៅអ្នកស្រុកអង្គរ ដែលរស់នៅតជំនាន់តាំងពីដូនតាមក ក្រុមលោកក៏បានប្រមូលទិញផ្លែឈើក្នុងស្រុកពីអ្នកស្រុកក្នុងតំបន់អង្គរ ព្រមទាំងបានផ្តល់ឱកាសម្ចាស់ផលិតផលខ្មែរនានា ផ្គត់ផ្គង់វត្ថុធាតុដើមដល់ហាងកាហ្វេមួយនេះ តាមស្មារតីខ្មែរជួយខ្មែរ។
បើតាមលោក សូត្រ សួរ បច្ចុប្បន្នផប់អាប់កាហ្វេ បានបង្កើតឡើងនូវ២ទីតាំង ដែលទីតាំងទី១ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ តំបន់លក់មាន់អាំង ស្រុកប្រាសាទបាគង និងទីតាំងទី២ នៅមុខប្រាសាទអង្គរវត្ត។ លោកថា អាជីវកម្មនេះ ជាផ្នែកមួយក្នុងការបំពេញបន្ថែម សម្រាប់ភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិមកទស្សនាតំបន់រមណីយដ្ឋានអង្គរលើកស្ទួយបរិស្ថាន កាត់បន្ថយការប្រើផ្លាស្ទីក៕





