ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបខាងលិច ត្រូវតែត្រៀមខ្លួនដើម្បីប្រឈមមុខជាមួយរុស្ស៊ី ប្រសិនបើសន្តិសុខសម្រាប់អ៊ុយក្រែន មិនត្រូវបានធានាបន្តបន្ទាប់។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Guardian ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Stubb បានសង្កត់ធ្ងន់ថា ប្រសិនបើលោកខាងលិច សម្រេចចិត្តផ្តល់ការធានាណាមួយដល់ក្រុងគៀវនោះច្បាស់ណាស់គឺនឹងតាមរយៈកម្លាំងយោធា និងទណ្ឌកម្មផ្សេងៗលើរុស្ស៊ី។
នៅពេលសួរថាតើការធានានេះមានន័យថា បណ្តាប្រទេសនៅអឺរ៉ុប កំពុងលើកឡើងពីការត្រៀមលក្ខណៈយោធាតទល់ជាមួយរុស្ស៊ី ក្នុងករណីមានការវាយប្រហារលើអ៊ុយក្រែន ឬយ៉ាងណា។ ប្រធានាធិបតី ឆ្លើយថា នេះជាគំនិតផ្ដួចផ្ដើមនៃការធានាសន្តិសុខប៉ុណ្ណោះ។
គួរបញ្ជាក់ថា អន្តរជាតិ កំពុងបង្កើនសម្ពាធលើរុស្ស៊ី ដោយសារតែប្រតិបត្តិការយោធានៅតែបន្ត ដោយមិនមានដំណោះស្រាយពេញលេញ ដើម្បីឈានដល់ការបញ្ចប់ជម្លោះ។ ទោះជាយ៉ាងណា ភាគីទាំង ២ តែងតែចោទប្រកាន់គ្នាទៅវិញទៅមក នៅពេលកិច្ចប្រជុំសន្តិភាពបរាជ័យ៕

ដោយ៖ ពេជ្រ