គំនិតផ្តួតផ្តើមអភិបាលកិច្ចសកល ជាទស្សនវិស័យនៃការរីកចម្រើនរបស់សាកលលោក

គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល ជាគំនិតផ្តួចផ្តើមមួយរបស់ប្រទេសចិន ដែលបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជិនភីង ក្នុងអង្គការសហប្រតិបត្តិការសៀងហៃ ដោយបានបំផុសគំនិតផ្តួចផ្តើមពាក់ព័ន្ធសន្តិសុខ សង្គមវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍអភិបាលកិច្ចកាន់តែទូលំទូលាយគ្រប់ជ្រុងជ្រោយ រួមទាំងនីតិរដ្ឋ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព អនុវត្តពហុភាគីនិយម គោរពច្បាប់អន្តរជាតិ សម្របសម្រួលជាមួយប្រទេសនានាដែលជាដៃគូ ធ្វើការជារួមគ្នា ក្នុងទិសដៅដើម្បីអនុញ្ញាតឱ្យមានប្រព័ន្ធអភិបាលកិច្ចប្រកបដោយភាពយុត្តិធម៌និងសមធម៌មួយកម្រិតទៀត ព្រមទាំងឆ្លើយតបឱ្យទាន់ពេលនៃនិម្មាបនកម្មជាសកល។ គំនិតផ្តួចផ្តើមអភិបាលកិច្ចសាកល ជាប្រទីពបំភ្លឺផ្លូវពិភពលោកទៅកាន់ភាពរីកចម្រើននិងសុខដុមរមនា ដោយផ្អែកចំណុចបី ទី១ ប្រកាន់ខ្ជាប់ពហុភាគីនិយម គាំពារយុត្តធម៌និងសច្ចភាពអន្តរជាតិ ទី២ ប្រកាន់ខ្ជាប់ការបើកចំហនិងឈ្នះ-ឈ្នះ គាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និងទី៣ ប្រកាន់ខ្ជាប់សាមគី្គភាពនិងកិច្ចសហប្រតិបត្តិការ ប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍រួម ខណៈពេលដែលនិន្នាការសាកលលោកងាកទៅរកប្រវត្តិសាស្ត្រ សង្គ្រាមត្រជាក់ អនុត្តរភាពនិយម ការការពារនិយម ឯកតោភាគីនិយម។

ក្នុងសម័យកាលដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិនានា មិនថាជាវិបត្តិសន្តិសុខ ភាវូបនីយកម្ម សេដ្ឋកិច្ច ឬបរិស្ថាន  ការសហការជាច្រើនភាគីក្លាយជាការចាំបាច់ខ្លាំងជាងមុន។ ពហុភាគីនិយម មិនត្រឹមតែជាវិធីសាស្ត្របង្កើនស្ថិរភាពអន្តរជាតិទេ ប៉ុន្តែថែមទាំងជាគន្លងសម្រាប់ប្រទេសទាំងអស់ (ទាំងតូចទាំងធំ) អាចចូលរួមយ៉ាងស្មើភាព។ ការគាំទ្រយុត្តធម៌អន្តរជាតិ មានន័យថា យើងត្រូវពង្រឹងសិទ្ធិស្មើគ្នា និងការអភិវឌ្ឍដែលមានអត្ថប្រយោជន៍រួម។ ប្រទេសណាមួយ មិនគួរប្រើកម្លាំង ឬសម្ពាធ ដើម្បីបង្កើតអត្ថប្រយោជន៍ផ្ទាល់ខ្លួនដោយរំលោភសិទ្ធិរបស់ប្រទេសផ្សេងទៀត ហើយត្រូវស្វែងរកដំណោះស្រាយតាមវិធីសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋាននៃអង្គការសហប្រជាជាតិ។

ខណៈពេលដូចគ្នា សច្ចភាពអន្តរជាតិគឺជាគោលគន្លឹះសំខាន់។ ការក្លែងបន្លំប្រវត្តិសាស្ត្រ ការបង្កើតព័ត៌មានមិនពិត ឬការប្រែប្រួលកិច្ចព្រមព្រៀងអន្តរជាតិ មិនត្រឹមតែប៉ះពាល់ដល់សេចក្ដីទុកចិត្តទេ ប៉ុន្តែថែមទាំងបង្កជាកត្តាដឹកនាំទៅកាន់ការបែកបាក់។ ដូច្នេះ ការគោរពសច្ចភាព និងសេចក្ដីពិត គឺជាមូលដ្ឋានសម្រាប់ការរស់នៅជាមួយគ្នាយ៉ាងសន្តិភាព។

ជាមួយនឹងការប្រឈមមុខនឹងបញ្ហាចម្រុះជាច្រើន ដូចជា ការបំបែកជាតិសាសន៍ ការប្រកួតប្រជែងសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ គោលនយោបាយ “ឈ្នះ-ឈ្នះ” និងការបើកចំហបានក្លាយជាគន្លងសំខាន់សម្រាប់ការរួមគ្នាបង្កើតសេដ្ឋកិច្ចពិភពលោកដែលមានស្ថិរភាពនិងភាពសមភាព។ គោលនយោបាយនេះផ្អែកលើគំនិតថា ភាគីទាំងអស់អាចទទួលបានអត្ថប្រយោជន៍ដោយសហការគ្នា ជំនួសឱ្យការប្រកួតប្រជែងឬការបែងចែកអំណាច។ ការបើកចំហនៃទីផ្សារនិងការជំរុញពាណិជ្ជកម្មពហុភាគី គឺជាចំណុចសំខាន់ក្នុងការគាំពារសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ ហើយជួយបង្កើតឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងការចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក និងជំរុញការរីកចម្រើនសម្រាប់ប្រជាជនទាំងមូល។ ដោយសារតែសេដ្ឋកិច្ចពិភពលោកមានភាពស្មុគស្មាញ និងអាស្រ័យគ្នា ការរួមគ្នាបង្កើតប្រព័ន្ធដែលផ្អែកលើយុត្តិធម៌ សមភាព និងការគោរពអធិបតេយ្យជាតិ គឺជាចំណុចសំខាន់ក្នុងការរក្សាសន្តិភាព និងការរីកចម្រើនយ៉ាងបន្តបន្ទាប់។ គោលនយោបាយ “ឈ្នះ-ឈ្នះ” មិនមែនជាគំនិតអ៊ីដេអាល់ទេ ប៉ុន្តែជាគន្លងដែលអាចអនុវត្តបាន ប្រសិនបើមានឆន្ទៈនយោបាយ និងការសហការយ៉ាងសកម្មពីគ្រប់ភាគី។

ក្នុងសម័យពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាចម្រុះជាច្រើន ដូចជា បម្រែបម្រួលអាកាសធាតុ ការប្រកួតប្រជែងសេដ្ឋកិច្ច និងវិបត្តិជាតិ-អន្តរជាតិ ការរួមគ្នាបង្កើតសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបានក្លាយជាគន្លងសំខាន់សម្រាប់ការអភិវឌ្ឍន៍រួម ដែលជាគោលនយោបាយដែលផ្អែកលើការគោរពអធិបតេយ្យជាតិ ការចែករំលែកធនធាន និងការរួមចំណែកយ៉ាងស្មើគ្នា ដើម្បីជំរុញសេដ្ឋកិច្ច សង្គម និងបរិស្ថានឱ្យមានភាពស្ថិរភាព និងភាពរីកចម្រើន។ សាមគ្គីភាពមិនមែនជាការរួមគ្នាដោយគ្មានគោលបំណងទេ ប៉ុន្តែជាការរួមគ្នាដើម្បីសម្រេចគោលដៅរួម ដែលបង្ហាញពីឆន្ទៈនយោបាយក្នុងការរួមគ្នាបង្កើតសេដ្ឋកិច្ចពិភពលោកដែលមានសមភាពនិងភាពរួមគ្នា។ កិច្ចសហប្រតិបត្តិការដែលផ្អែកលើការចែករំលែកបច្ចេកវិទ្យា បទពិសោធន៍ និងធនធាន គឺជាចំណុចគន្លឹះក្នុងការបង្កើតសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ការប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍រួមមិនមែនមានន័យថា ប្រទេសធំៗត្រូវជួយប្រទេសតូចៗទេ ប៉ុន្តែជាការរួមចំណែកយ៉ាងស្មើគ្នា ដើម្បីបង្កើតប្រព័ន្ធសេដ្ឋកិច្ច និងសង្គមដែលមានភាពសមភាព និងយុត្តិធម៌។ ការរួមគ្នានេះអាចជួយបំបាត់ភាពខ្វះខាត បង្កើនឱកាសការងារនិងជំរុញការរីកចម្រើនសម្រាប់ប្រជាជនទាំងមូល។

 ក្នុងបរិបទសកលនិយមថ្មី ការប្រកាន់ខ្ជាប់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺជាចំណុចសំខាន់ក្នុងការរក្សាសន្តិភាព និងការរីកចម្រើនយ៉ាងបន្តបន្ទាប់ ដែលជួយបង្កើតទំនាក់ទំនងអន្តរជាតិដែលផ្អែកលើការគោរព និងការរួមចំណែក ដោយបង្កើតសេដ្ឋកិច្ចពិភពលោកដែលមានភាពបើកចំហ សមភាព និងភាពរួមគ្នា។ ដោយសារតែសេដ្ឋកិច្ចពិភពលោកមានភាពអាស្រ័យគ្នា ការរួមគ្នាបង្កើតសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគឺជាគន្លងដ៏មានប្រសិទ្ធភាពក្នុងការបង្កើតអភិវឌ្ឍន៍រួមសម្រាប់មនុស្សជាតិទាំងមូល។

ដោយសារតែហេតុនេះ ប្រទេសតូច និងប្រទេសកណ្ដាលពិសេសត្រូវតែចូលរួមទាមទារការគោរពពហុភាគីនិយម និងយុត្តធម៌អន្តរជាតិ ដើម្បីធានាថា ពិភពលោកអាចរីកចម្រើនលើគោលការណ៍សមធម៌ សន្តិភាព និងសេចក្ដីទុកចិត្ត។ នេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង និងអភិវឌ្ឍន៍រួម។ ការរួមចំណែកដោយស្មោះត្រង់ និងការចែករំលែកបច្ចេកវិទ្យា គឺជាគន្លងដ៏មានប្រសិទ្ធភាពក្នុងការបង្កើតសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

Written by 

Related posts

Leave a Comment