FBI បានឲ្យដឹងកាលពីថ្ងៃសុក្រថា បានចាប់ខ្លួនជនសង្ស័យម្នាក់នៅក្នុងឃាតកម្មលើសកម្មជននយោបាយអភិរក្សនិយម Charlie Kirk ។ ការប្រកាសនេះនាំមកនូវការបញ្ចប់ការតាមប្រមាញ់រយៈពេលពីរថ្ងៃបន្ទាប់ពីការបាញ់ប្រហារដែលធ្វើឱ្យកក្រើកប្រទេស។

មន្ត្រីបានកំណត់អត្តសញ្ញាណជនសង្ស័យថា ជាអ្នករស់នៅរដ្ឋ Utah ឈ្មោះ Tyler Robinson ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សាយថាជនសង្ស័យមានអាយុ២២ឆ្នាំ។
អភិបាលរដ្ឋ Utah លោក Spencer Cox បានប្រាប់អ្នកយកព័ត៌មានថា យើងបានទទួលជនសង្ស័យនោះហើយ។ លោកបានបន្ថែមថា នៅល្ងាចថ្ងៃទី ១១ ខែកញ្ញា សមាជិកគ្រួសាររបស់ Tyler Robinson បានទាក់ទងទៅមិត្តភ័ក្តិគ្រួសារដែលបានទាក់ទងការិយាល័យតម្រួត Washington County នូវព័ត៌មានដែល Robinson បានសារភាពចំពោះពួកគេ ឬបង្កប់ន័យថាគាត់បានប្រព្រឹត្តិនូវឧប្បត្តិហេតុនេះ។
អាជ្ញាធរជឿថាគាត់បានធ្វើសកម្មភាពតែម្នាក់ឯង ហើយថាគាត់មិនមែនជានិស្សិតនៅសាកលវិទ្យាល័យ Utah Valley ជាកន្លែងដែលការបាញ់ប្រហារបានកើតឡើងនោះទេ។
Kirk គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី Donald Trump ។ គាត់កំពុងថ្លែងសារនៅក្នុងព្រឹត្តិការណ៍មួយនៅឯសាកលវិទ្យាល័យ នៅពេលដែលគាត់ត្រូវបានគេបាញ់កាលពីថ្ងៃពុធ។

Cox បានបង្ហាញថា សាច់ញាតិម្នាក់បានប្រាប់អ្នកស៊ើបអង្កេតថាRobinson នាពេលថ្មីៗនេះ ហាក់កាន់តែមាននិន្នាការនយោបាយ និង ពោរពេញដោយការស្អប់ខ្ពើម។ គាត់បាននិយាយថា សមាជិកគ្រួសារបានលើកឡើងពីឧប្បត្តិហេតុថ្មីៗនេះដែល Robinson មកទទួលទានអាហារពេលល្ងាចមុនថ្ងៃទី ១០ ខែកញ្ញា ហើយនៅក្នុងការសន្ទនាជាមួយសមាជិកគ្រួសារផ្សេងទៀត Robinson បានរៀបរាប់ថា Charlie Kirk កំពុងមក UVU ។ ពួកគេនិយាយអំពីមូលហេតុដែលពួកគេមិនចូលចិត្តគាត់ និងទស្សនៈដែលគាត់មាន។
FBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានយកមកវិញនូវកាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារ។ លោក Cox បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញការចារឹកដែលឆ្លាក់នៅលើស្រោមគ្រាប់កាំភ្លើង រួមទាំងពាក្យដូចជា “ហ្វាស៊ីសនិយម”។
អ្នកគាំទ្រលោក Kirk និងអ្នកផ្សេងទៀតនៅទូទាំងប្រទេសបានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខមរណភាពរបស់គាត់។ មនុស្សជាច្រើនកំពុងសម្ដែងការសោកស្ដាយ និងមិនសប្បាយចិត្តចំពោះអំពើហិង្សានយោបាយមួយទៀត៕

ដោយ៖ ពេជ្រ