អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា SCO គឺជាអង្គការអន្តររដ្ឋាភិបាលអចិន្ត្រៃយ៍មួយដែលត្រូវបានបង្កើតឡើងដោយប្រទេសចំនួន ៦ រួមមាន កាហ្សាក់ស្ថាន , ចិន , កៀហ្ស៊ីស៊ីស្ថាន , រុស្ស៊ី , តាជីគីស្ថាន និងអ៊ូសបេគីស្ថាននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០០១ នៅទីក្រុងសៀងហៃប្រទេសចិន ។
បច្ចុប្បន្ន អង្គការ SCO បានពង្រីកសមាជិកផ្លូវការរបស់ខ្លួនដល់ ១០ ប្រទេស ដែលបន្ថែមប្រទេសឥណ្ឌា , ប៉ាគីស្ថាន , បេឡារុស និងអ៊ីរ៉ង់ ព្រមទាំងមានប្រទេសសង្កេតការណ៍ចំនួន ២ គឺអាហ្វហ្កានីស្ថាន និងម៉ុងហ្គោលី និងដៃគូសន្ទនាចំនួន ១៤ រួមមានកម្ពុជា , អេហ្ស៊ីប , អារ៉ាប់ប៊ីសាអូឌីត , នេប៉ាល់ និងមីយ៉ាន់ម៉ា ។ល។
តើអង្គការអន្តររដ្ឋាភិបាលមួយដែលគ្របដណ្តប់លើចំនួនប្រជាជន ៣៦០០ លាននាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនប្រជាជនលើពិភពលោក និងមានទំហំសរុបនៃផលិតផលក្នុងស្រុកសរុបរបស់បណ្តារដ្ឋសមាជិកចំនួន ២៣ ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹង ១/៤ នៃទំហំសេដ្ឋកិច្ចសកលបានដើរតួនាទីបែបណាក្នុងបរិបទដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍ ?
ដោយហេតុថារដ្ឋសមាជិកទាំងអស់នៃអង្គការ SCO សុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ ហេតុនេះអាចនិយាយបានថា ការបង្កើតអង្គការនេះជាការប្រមូលផ្តុំកម្លាំងសាមគ្គីភាពនៃប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបញ្ចូនសារទៅកាន់ពិភពលោកទាំងមូលអំពីឆន្ទៈដ៏មុតមាំក្នុងការគាំពារពហុភាគីនិយម ពិភពលោកពហុប៉ូល និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ។
ជាក់ស្តែង ចាប់តាំងពីការបង្កើតឡើងមក អង្គការ SCO ក៏បានផ្តួចផ្តើមគំនិតអំពី«ស្មារតីសៀងហៃ» ពោលគឺ ៖ កសាងទំនុកចិត្តចំពោះគ្នា , ផ្តល់ផលប្រយោជន៍ទៅវិញទៅមក , សមភាព , ពិគ្រោះពិភាក្សា , គោរពពិពិធកម្មអរិយធម៌និងស្វែងរកការអភិវឌ្ឍរួម ដែលបានជំរុញឱ្យរដ្ឋសមាជិកអង្គការ SCO ធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងដើរតាមមាគ៌ាដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ និងវិបុលភាពរួម ដែលបានបំពេញបន្ថែមកម្លាំងចលករថ្មីឥតឈប់ឈរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ។
កិច្ចសហប្រតិបត្តិការនៃរដ្ឋសមាជិកអង្គការ SCO ជាគំរូនៃកិច្ចសហប្រតិបត្តិការស្តីពីការជំរុញសុក្រឹតភាពនៃប្រព័ន្ធអភិបាលកិច្ចពិភពលោក ។ ក្នុងបរិបទដែលពិភពលោកមានភាពរង្គោះរង្គើនិងមិនប្រាកដប្រជា «ស្មារតីសៀងហៃ»បានបំពេញបន្ថែមគ្នាជាមួយយន្តការពហុភាគីនានា ដើម្បីគាំពារយ៉ាងមុតមាំចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ សំដៅឆ្លើយតបនឹងបញ្ហាប្រឈមដែលបណ្តាលមកពីការបំផ្លាញគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិនិងសណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាមូលគំនិតនិងកម្លាំងពហុភាគីនិយមដើម្បីឆ្ពោះទៅការអភិវឌ្ឍរួម ។
កិច្ចសហប្រតិបត្តិការនៃរដ្ឋសមាជិកអង្គការ SCO ជាគំរូនៃកិច្ចសហប្រតិបត្តិការស្តីពីការគាំពារសន្តិសុខនិងសន្តិភាពពិភពលោក ។ បញ្ហាសន្តិសុខប្រពៃណីនិងមិនប្រពៃណី ពិសេសអំពើភេរវកម្មជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខនិងស្ថិរភាពសកល ។ អនុលោមតាម«ស្មារតីសៀងហៃ» រដ្ឋសមាជិកអង្គការ SCO បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផ្នែកសន្តិសុខដូចជា«អនុសញ្ញាស្តីពីការប្រយុទ្ធប្រឆាំងភេរកម្ម» , «អនុសញ្ញាស្តីពីការប្រយុទ្ធប្រឆាំងអង្គការជ្រុលនិយម»និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម ដែលបានគូសរំលេចពីគំនិតសហប្រតិបត្តិការផ្នែកការពារសន្តិសុខជាតិដែលផ្អែកលើសាមគ្គីភាព ភាពជឿទុកចិត្តគ្នា និងការរ៉ាប់រងសុខទុក្ខជាមួយគ្នា ព្រមទាំងបានផ្តល់ជា«ផែនការអង្គការ SCO» សម្រាប់ពិភពលោកឆ្លើយតបនឹងការសាកល្បងនិងបញ្ហាប្រឈមនានា ។
កិច្ចសហប្រតិបត្តិការនៃរដ្ឋសមាជិកអង្គការ SCO ជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះផ្នែកពាណិជ្ជកម្មអន្តរជាតិ ។ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មទំនិញរវាងរដ្ឋសមាជិកអង្គការ SCO បានកើនឡើងជាលំដាប់ ពោលគឺបានកើនលើសពី ៣០០ ប៊ីលានដុល្លារអាមេរិក , លើសពី៤០០ ប៊ីលានដុល្លារអាមេរិក និងឡើងដល់ ៥១២.៤ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ចំណែកទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសចិនជាមួយបណ្តារដ្ឋសមាជិកអង្គការ SCO បានឡើងដល់ ២៤៧.៧ ប៊ីលានដុល្លារអាមេរិកក្នុងឆមាសទី ១ នៃឆ្នាំ ២០២៥ ដែលកើនឡើង ០.៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។
កិច្ចសហប្រតិបត្តិការនៃរដ្ឋសមាជិកអង្គការ SCO ជាគំរូនៃការជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោក ។ សហគ្រាសចិនបានចូលរួមយ៉ាងសកម្មក្នុងការធ្វើបរិវត្តកម្មឌីជីថលរបស់រដ្ឋសមាជិកអង្គការ SCO ដូចជាការសាងសង់ប្រព័ន្ធ 5G នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រព័ន្ធសុខាភិបាលឌីជីថលនៃប្រទេសតាជីគីស្ថាន ព្រមទាំងចូលរួមការអភិវឌ្ឍបៃតងនៃប្រទេសមួយចំនួនតាមរយៈការបណ្តាក់ទុនលើគម្រោងថាមពលស្អាត ដូចជាគម្រោងថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់នៅប្រទេសកាហ្សាក់ស្ថាន និងស្ថានីយវារីអគ្គិសនីនៃប្រទេសប៉ាគីស្ថានជាដើម ។
ដោយឡែក សម្រាប់ប្រទេសជាដៃគូសន្ទនាវិញ ជាពិសេសប្រទេសកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការ SCO បានគូសបញ្ជាក់ពីការជួយជំរុញបន្ថែមដល់ភាពរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ។ ចំណែកថ្នាក់ដឹកនាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការ SCO ក្នុងការចូលរួមជំរុញសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក ព្រមទាំងការបង្កើតនូវសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច និងនយោបាយអន្តរជាតិថ្មីមួយ ដែលប្រកបដោយបរិយាបន្ន សមធម៌ យុត្តិធម៌ និងប្រជាធិបតេយ្យ ។
ជារួម អង្គការ SCO ដែលប្រកាន់ខ្ជាប់នូវ«ស្មារតីសៀងហៃ» បានដើរតួនាទីជាអ្នកនាំពាក្យនៃប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបង្កើនប្រសិទ្ធភាពនៃការបញ្ចេញមតិលើផ្ទៃអន្តរជាតិ ក៏ដូចជារួមចំណែកដែលមិនអាចខ្វះបានសម្រាប់លំនឹងសន្តិភាព និងជំរុញការអភិវឌ្ឍរួមជាសកល ៕


អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន