បន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ទាហានថៃ បានយកសំណាញ់មកបិទបន្ថែមនៅកន្លែងដែលពួកគេ បានយកបន្លាលួសមកព័ទ្ធយកផ្ទះអ្នកស្រុកនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីកុំឲ្យយើងឃើញពីសកម្មភាពរបស់ពួកគេនៅខាងក្នុង។

បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលជាម្ចាស់លំនៅដ្ឋានទាហានថៃ មកព័ទ្ធយកនោះ បានមកឈរស្រែកតវ៉ា និងទាមទារឲ្យទាហានថៃ ប្រគល់ផ្ទះជូនពួកគេវិញ ហើយអំពាវនាវឲ្យអន្តរជាតិជួយដោះស្រាយ និងអន្តរាគមន៍ទៅភាគីថៃ មានចំណាត់ការលើបញ្ហានេះផង។
បញ្ជាក់ផងដែរថា៖ ផ្ទះពលរដ្ឋខ្មែរយើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរជ្រៅ ដែលទាហានថៃ មកព័ទ្ធយកនោះ ប៉ះពាល់១២គ្រួសារ (៥៩នាក់ រួមទាំងក្មេងផងដែរ) ក្នុងនោះមានជនពិការ៤នាក់ និងស្រ្តីមានផ្ទៃពោះ២នាក់។
យ៉ាងណាក៏ដោយ សម្រាប់ពលរដ្ឋរងគ្រោះទាំងនេះ ត្រូវបានលោកអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ ជួយដោះស្រាយជាបណ្តោះអាសន្ន សម្រាប់កន្លែងស្នាក់នៅ និងហូបចុកគ្រប់គ្រាន់៕



