ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន ហួវៃ ថេកណូទ្បជី(ខេមបូឌា) ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស

ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន ហួវៃ ថេកណូឡជី (ខេមបូឌា) បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងគោលបំណងបន្តពង្រឹង លើកកម្ពស់ ជំរុញ និងអភិវឌ្ឍកិច្ចសហ ប្រតិបត្តិការបច្ចេកទេស ដោយឈរលើមូលដ្ឋាននៃគោលដៅអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ក្នុងក្របខណ្ឌនៃវិស័យថាមពល ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនីទូទាំងប្រទេសឱ្យបានគ្រប់គ្រាន់ មានថ្លៃសមរម្យ មានស្ថិរភាព និងរក្សាសន្តិសុខនៃការផ្គត់ផ្គង់អគ្គិសនីដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ និងគ្រប់ ទីកន្លែង។

កិច្ចសហប្រតិបត្តិការបច្ចេកទេសនេះក៏មានគោលបំណងពង្រឹងការប្រើប្រាស់អគ្គិសនីប្រកបដោយ ប្រសិទ្ធភាព និងផ្តល់អាទិភាពជាអតិបរមាដល់ការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញក្នុងគោលដៅបង្កើនកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងទប់ស្កាត់ការប្រែប្រួល អាកាសធាតុ ក៏ដូចជាសម្រេចគោលដៅយុទ្ធសាស្ត្រអព្យាក្រឹតកាបូនឆ្នាំ២០៥០។

អនុស្សរណៈយោគយល់គ្នារវាងក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុន ហួវៃ ថេកណូឡូជី (ខេមបូឌា) នេះ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា៖ ការសិក្សាស្រាវជ្រាវ និងផ្តល់ជំនួយបច្ចេកទេសសម្រាប់ការ អភិវឌ្ឍ និងលើកកម្ពស់ស្តង់ដារបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាប្រព័ន្ធអាគុយស្តុកថាមពល (BESS) ក៏ដូចជាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រព័ន្ធដែលមិនភ្ជាប់ជាមួយបណ្តាញជាតិ ដោយបំពាក់ប្រព័ន្ធមីក្រូហ្គ្រីដឆ្លាតវៃ (Smart Microgrids) សម្រាប់តំបន់ដាច់ស្រយាល។ រួមជាមួយគ្នានេះដែរ ក៏បង្កើតឱ្យមានការរៀបចំផែនការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងស្តង់ដារបញ្ចូលថាមពលអគ្គិសនីឆ្លាតវៃ ជាមួយនឹងសមាហរណកម្មយានយន្តអគ្គិសនីលើប្រព័ន្ធបណ្តាញជាតិ (Vehicle to Grid – V2G) និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធស្ថានីយបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី ព្រមទាំងសម្របសម្រួលភាពជាដៃគូយុទ្ធត និងកៀរគរហិរញ្ញវត្ថុសម្រាប់ការវិនិយោគថាមពលស្អាត និងរៀបចំវេទិកាថាមពលស្អាតក្នុងតំបន់ផងដែរ៕




Written by 

Related posts

Leave a Comment