«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលជាទស្សនៈប្រកបដោយគុណតម្លៃមហាសាលរបស់លោក Xi Jinping ដោយបានផ្តើមកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ភូមិYucun សង្កាត់Anji ខេត្តZhejiang បានក្លាយជាគោលគំនិតផ្តល់សារៈសំខាន់ដល់ការអភិរក្សអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសចិនរយៈពេល២០ឆ្នាំកន្លងមកនេះ។ ទស្សនៈនេះបាននិងកំពុងជំរុញរបៀបអភិវឌ្ឍបៃតង និងរបៀបរស់នៅបៃតង ហើយធ្វើឲ្យមានតុល្យភាពរវាងកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថានអេកូឡូស៊ី ដោយបានគូសរំលេចយ៉ាងប្រត្យក្សថា ប្រជាជនចិនក្នុងរយៈពេល២០ឆ្នាំនេះបានការពារប្រព័ន្ធបរិស្ថានអេកូឡូស៊ីប្រៀបដូចជាការការពារនេត្រារបស់ខ្លួន ហើយចាត់ទុក«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»ជាការថែររក្សាជីវិតរបស់ខ្លួនដូច្នោះដែរ។ តាមរយៈកំណើនGDPសម្រាប់ជនជាតិចិនម្នាក់ៗក្នុងឆ្នាំ២០០៥មានចំនួន១៧០០ដុល្លារអាមេរិក បានកើនដល់១៣៧៧៨ដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ (តាមការប៉ាន់ស្មាន) ជាសក្ខីភាពបញ្ជាក់ថា សេដ្ឋកិច្ចបៃតងរបស់ប្រទេសចិនកំពុងផ្តល់សន្ទុះកាន់តែខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនចិន។ បន្ថែមពីលើនេះ អាយុមរណភាពគិតជាមធ្យមសម្រាប់ជនជាតិចិនបានកើនពីអាយុ៧៤ឆ្នាំក្នុងឆ្នាំ២០០៥ដល់អាយុ៨៣,១ឆ្នាំក្នុងឆ្នាំ២០២៥ ដែលជាការគូសរំលេចពីវិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនចិនក្រោមទម្រនៃអរិយធម៌អេកូឡូស៊ីដែលបានផ្តើមចេញដំណើរពីទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ហើយបាននាំប្រទេសចិនសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពមុនកាលកំណត់នៃរបៀបវារៈរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០។
«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះបានក្លាយជាម្តាយបង្កើតរបស់«ទិវាជាតិអេកូឡូស៊ី»របស់ប្រទេសចិនចាប់ពីឆ្នាំ២០២៣មក ហើយបានចាក់បញ្ចូលនូវសមាសធាតុដ៏សំខាន់ដល់សេចក្តីសម្រេចនិងរាល់ផែនការរបស់គណៈកម្មាធិការមជ្ឈិមបក្សលើការអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ហើយលើកទឹកចិត្តដល់សកម្មភាពរបស់រដ្ឋាភិបាលចិនក្នុងកិច្ចខិតខំបង្កើនភាពកាន់តែប្រពៃនៃបរិស្ថានរបស់ប្រទេសចិនដើម្បីប្រែក្លាយប្រទេសចិនដ៏ស្រស់ស្អាតនិងពោរពេញដោយសន្តិសុខអេកូឡូស៊ីទៅជាឧទ្យានបុប្ឆាសកលសម្រាប់គំរូភាពរបស់ពិភពលោក។ មនុស្សជាតិបានយល់ស្របគ្នាថា នេះគឺជាពេលវេលាដ៏សមស្របមួយ ដែលយើងត្រូវប្រកៀកស្មារគ្នាជាប់ជានិច្ចជាមួយប្រទេសចិនដែលជាជើងឯកការពារបរិស្ថានអេកូឡូស៊ី ហើយដកបទពិសោធន៍ពីប្រទេសចិនដែលពោរពេញដោយលទ្ធភាពក្នុងការសម្រេចបានលើភារកិច្ចដ៏មហិមានេះក្នុងការសង្គ្រោះបរិស្ថានពិភពលោក នាំយកមេឃពណ៌ខៀវជូនដល់មនុស្សជាតិវិញ។ ជាក់ស្តែង ប្រទេសចិនបានកែសម្រួលដីដើម្បីដាំព្រៃប្រមាណពី១៩៣លានហិកតាក្នុងឆ្នាំ២០០៥ ដល់២២០លានហិកតាក្នុងឆ្នាំ២០២៥ ឬប្រមាណ២៥%នៃផ្ទៃដីសរុបរបស់ប្រទេសចិន ស្របពេលដែលប្រទេសចិនក៏ជាជើងឯកដែលមានផ្ទៃដីតំបន់ដីសើមធំជាងគេបង្អស់នៅក្នុងពិភពលោកផងដែរ។ បន្ថែមពីលើនេះ ប្រទេសចិនបាននិងកំពុងកៀកជាប់ជាមួយនូវផែនការរបស់ខ្លួនក្នុងការសម្រេចបាននូវ “ការបំភាយឧស្ម័នកម្រិតខ្ពស់បំផុត មុនឆ្នាំ២០៣០” និង “អព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០” ដែលជាផែនការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនាំប្រទេសចិនកំពុងដើរតួនាទីជាប្រទេសគំរូមួយលើឆាកអន្តរជាតិ ក្នុងការកសាងពិភពលោកមួយឆ្ពោះទៅរកការអភិវឌ្ឍបៃតងប្រកបដោយភាពស្រស់បំព្រង បរិស្ថានល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះបានជំរុញល្បឿននៃនវានុវត្តបៃតងរបស់ប្រទេសចិនដោយបង្កើនការផលិតនាំចេញរថយន្តអគ្គិសនី ការប្រើប្រាស់ថាមពលស្អាតបានមកពីពន្លឺព្រះអាទិត្យ កម្លាំងទឹក និង ថាមពលខ្យល់ ដោយបានចែករំលែកបទពិសោធន៍ដ៏មហាសាលរបស់ប្រទេសចិនបន្ស៊ីរួមគ្នាជាមួយការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ជាពិសេសបណ្តាប្រទេសសកលខាងត្បូងឱ្យទទួលបាននូវវឌ្ឍនភាពរីកចម្រើនសេដ្ឋកិច្ចបៃតងរបស់ខ្លួនផងដែរ។ ដោយសារកំណើនលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនBVDកាន់តែកើនឡើងជាលំដាប់ បានផ្តល់បច្ច័យទានជាបណ្តើរៗឱ្យប្រទេសកាន់តែច្រើនបានសម្រេចទាក់ទាញក្រុមហ៊ុនរថយន្តBVDទៅសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសរបស់ខ្លួន ជាក់សែ្តង រោងចក្រតម្លើងរថយន្ត BYD នៅកម្ពុជាបានចាប់ផ្តើមដំណើរការសាងសង់ពីខែមេសា ឆ្នាំ២០២៥ នឹងបញ្ចប់ការសាងសង់នៅក្នុងខែតុលា ហើយចាប់ផ្តើមដំណើការផលិតកម្មតម្លើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនេះជាដំណើរការបទពិសោធន៍របស់ប្រទេសចិនក្នុងពន្លឿនការផ្លាស់ប្តូររបៀបនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីធ្វើឲ្យពិភពលោកមានភាពប្រសើរឡើងនៃប្រព័ន្ធបរិស្ថានអេកូឡូស៊ី ការអភិវឌ្ឍទូលំទូលាយ ការប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពនៃការបំភាយឧស្ម័នដោយពឹងផ្អែកលើនវានុវត្តន៍ដើម្បីបន្តការអភិវឌ្ឍក្នុងការជំរុញនវានុវត្តតម្រង់ឆ្ពោះទៅរកអនាគតកាន់តែប្រពៃសម្រាប់វិបុលភាពរបស់មនុស្សជាតិ។
«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះបានលើសពីប្រទេសចិនដើរឆ្ពោះទៅសម្រេចបាននូវកម្លាំងសាមគ្គីរួមគ្នារបស់មនុស្សជាតិស្របតាមគោលគំនិតនៃកិច្ចកសាងសហគមន៍រួមជីវិតសុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ដោយទទួលស្គាល់ថា«ប្រទេសចិនស្អាត»ជាប្រភពដ៏សំខាន់នៃសេចក្តីប្រាថ្នារួមរបស់មនុស្សជាតិដោយជំរុញកិច្ចកសាងសហគមន៍ដែលមានជោគវាសនាផ្សារភ្ជាប់គ្នាដោយចាត់ទុកថាផែនដីជាផ្ទះរួមរបស់យើង និងព្រមព្រៀងគ្នាទទួលយកទស្សនវិជ្ជាចិនរបស់ទស្សនវិទូឡៅជឺកាលពី២៧០០ឆ្នាំមុនថា មនុស្សនិងធម្មជាតិគឺជាអង្គឯកភាពរួមគ្នាដែលតែងបំពេញឱ្យគ្នាទៅវិញទៅមក ដោយមនុស្សជាតិរួមគ្នាចាត់ទុកថាគុណភាពនៃបរិស្ថានអេកូឡូស៊ីគឺជាគន្លឹះក្នុងការកសាងសង្គមមួយដែលមានវឌ្ឍនភាពលើគ្រប់វិស័យ។ ក្នុងន័យនេះ «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចាក់បន្ថែមនូវភាពធន់មាំទៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុដែលបានចេញដំណើរតាំងពីឆ្នាំ២០១៥មកឱ្យអនុវត្តសកម្មភាពរបស់ខ្លួនកាន់តែប្រសើរដោយមានប្រទេសចិនជាប្រតិបត្តិករនិងជាជើងឯកលើការការពារបរិស្ថានសកលនេះ ក្នុងពេលដែលប្រទេសចិនជាទីតាំងពោរពេញដោយសន្តិភាព ភាពពេញលេញនៃសន្តិសុខ ភាពរីកចម្រើននៃនវានុវត្តបច្ចេកវិទ្យា និងភាពខ្លាំងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ច។
ជារួម «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានចេញដំណើររយៈពេល២០ឆ្នាំនេះបាននាំប្រទេសចិនស្អាតក្លាយជាគំរូភាពសកល ជាតំណាងរូបភាពបរិស្ថានពិភពលោក ជាបទពិសោធន៍នៃជីវៈចម្រុះដែលបណ្តាប្រទេសនានាកំពុងសិក្សារៀនសូត្រ និងជាគុណតម្លៃរបស់មនុស្សជាតិដែលប្រទេសចិនដែលតែងបានខិតខំប្រឹងប្រែងដើម្បីឈានទៅរកយុគសម័យថ្មីនៃអរិយធម៌អេកូឡូស៊ីសង្គមនិយមដោយបានចាក់បញ្ចូលទៅក្នុងស្មារតីរបស់មនុស្សជាតិលើភាពដាច់ខាតនៃការការពារបរិស្ថាន និងពីការដណ្តើមយកជ័យជម្នះឱ្យខានតែបានលើសមរភូមិនៃការបំពុលបរិស្ថាន ព្រមទាំងបង្កើនការដាក់ទោសទណ្ឌចំពោះឧក្រិដ្ឋកម្មលើបរិស្ថាន។ តាមរយៈការអញ្ជើញមកទស្សនាប្រទេសចិនដោយផ្ទាល់ នោះ ពិភពលោកនឹងយល់កាន់តែច្បាស់១០០%ពីការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជាតិចិន ដែលនឹងក្លាយជាបទពិសោធន៍សកលសម្រាប់មនុស្សជាតិស្របតាមគោលការណ៍គ្រឹះនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិដោយផ្តើមពីការជ្រោងទង់ទស្សនៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

