​​សភាសម្ព័ន្ធសហជីពជាតិកម្ពុជាបង្ហាញថា អ្នកវិនិយោគទុនចិនបានចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើងនៅកម្ពុជា

ភ្នំពេញ៖ លោកគឹមចាន់ សំណាង ប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានបង្ហាញថា អ្នកវិនិយោគទុនមកពីប្រទេសចិនបានចូលរួមចំណែកយ៉ាងសកម្មលើវិស័យឧស្សាហកម្មនិងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើងនៅកម្ពុជា។

ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន កាលពីពេលថ្មីៗនេះ លោកគឹមចាន់ សំណាងបានមានប្រសាសន៍ថា បន្ទាប់ពីមានការវិនិយោគលើគម្រោងជាច្រើនរបស់ក្រុមហ៊ុនសហគ្រាសរបស់ប្រទេសចិន គឺបានបង្កើតការងារជាច្រើនសែនកន្លែងជារៀងរាល់ឆ្នាំ ដល់ប្រជាជនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ការវិនិយោគរបស់ក្រុមហ៊ុនបរទេស ជាពិសេសមកពីប្រទេសចិន បានធ្វើឱ្យជីវភាពប្រជាជនកម្ពុជាមានការរីកចម្រើន។

លោកបញ្ជាក់ថា៖ « យើងឃើញថា សម្រាប់អ្នកវិនិយោគនៅកម្ពុជា ភាគច្រើនជាជនជាតិចិន ។ ដូច្នេះការវិនិយោគឱ្យមានរោងចក្រសហគ្រាសរបស់ចិនគឺ មានតួនាទីសំខាន់ដែលធ្វើឱ្យប្រទេសកម្ពុជារីកចម្រើន និងអភិវឌ្ឍន៍ប្រទេសបានលឿនបើប្រៀបធៀបតាំងពីឆ្នាំ១៩៩៥មកដល់បច្ចុប្បន្ននេះ។ ទាំងនេះបានកើតចេញពីសុខសន្តិភាព ព្រោះថា បើគ្មានសន្តិភាពយើងក៏មិនមានការងារធ្វើ ហើយអ្នកវិនិយោគក៏មិនអាចមកកម្ពុជាបានដែរ»។

ជាមួយគ្នានេះ លោកបានសង្កេតឃើញថា ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជានៅខ្វះកម្លាំងពលកម្មនៅឡើយ ដូច្នេះ ប្រជាជនកម្ពុជាដែលត្រឡប់មកស្រុកកំណើតអាចស្វែងរកការងារធ្វើបានតាមរយៈក្រសួងការងារផ្សព្វផ្សាយ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥នេះ មានចំនួន ២០៨ដុល្លារក្នុងមួយខែ  រួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទឹកប្រាក់ចុះបញ្ជីវិនិយោគលើគម្រោងចំនួន៣៧៣ស្មើនឹងទុនសរុបប្រមាណ៥,៨ពាន់លានដុល្លារអាម៉េរិក ក្នុងនោះវិនិយោគិនចិនបានដាក់ទុនវិនិយោគច្រើនជាងគេដែលមានចំណែករហូតដល់ ៥៦,២៣ភាគរយ ឬប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក ៕

Written by 

Related posts

Leave a Comment