សមត្ថកិច្ចចំរុះឃាត់ខ្លួនជនជាតិថៃ ៦ នាក់លួចឆ្លងដែនខុសច្បាប់ចូលមកខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ៦នាក់(ស្រី) ដែលបានលួចឆ្លងដែនចូលមកខេត្តបន្ទាយមានជ័យតាមច្រករបៀងខុសច្បាប់ ត្រូវានកំលាំងសមត្ថកិច្ចចំរុះឈរជើងនៅចំនុចភូមិថ្មី បានឃាត់ខ្លួន រួចបណ្ដេញចេញទៅប្រទេសថៃវិញ នៅវេលាម៉ោង ៧ យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥។

សមត្ថកិច្ចចំរុះឈរជើងនៅតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកម៉ាឡៃបានប្រាប់ឲ្យដឹងថាក្រោយពីឃាត់ខ្លួនជនជាតិថៃ ៦នាក់នោះ ហើយធ្វើការសួរនាំ ជនជាតិថៃទាំង ៦នាក់នោះបាននិយាយថា ពួកខ្លួន លួចឆ្លងដែនចូលមកខេត្តបន្ទាយមានជ័យក្នុងគោលបំណង ស្វែងរកការងារធ្វើដោយសារពួកគេបាន និងកំពុងប្រឈមការខ្វះខាតព្រោះ តែប្រទេសខ្លួនបានបិទច្រកព្រំដែន ជាមួយកម្ពុជា។ ពួកគេបន្តថា ការបិទព្រំដែនធ្វើឲ្យពួកគេបាត់បង់ការងារ បាត់បង់ចំណូល  ទើបបង្ខំចិត្តលួចឆ្លងអូរព្រំដែន នៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដោយខុសច្បាប់ ចូលមកខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចំរុះបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនជាតិថៃទាំង៦នាក់នេះសួរនាំរួច កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែនក៏បានធ្វើការបណ្ដេញជនជាតិថៃទាំងនោះឲ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញដោយពុំមានកាចាប់ចងបញ្ជូនមកដាក់គុកនោះទេ៕



Written by 

Related posts

Leave a Comment