លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយថា ក្រុងគៀវ រំពឹងថា សហរដ្ឋអាមេរិក នឹងបន្តផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន ដោយសារតែការផ្ដល់ឲ្យរបស់អឺរ៉ុប មិនអាចជំនួសបាននូវអាវុធចាំបាច់សំខាន់ៗទាំងស្រុងនោះទេ ជាពិសេសប្រព័ន្ធការពារដែនអាកាស។

លោក ហ្សេលេនស្គី បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងប្រទេសដាណឺម៉ាកថា យើងសង្ឃឹមលើការបន្តការគាំទ្ររបស់សហរដ្ឋអាមេរិក ព្រោះដោយសារតែអាវុធមួយចំនួន អឺរ៉ុប មិនមាននោះទេ ជាពិសេសប្រព័ន្ធការពារដែនអាកាស Patriot ។
ទន្ទឹមនោះ លោក ក៏បានបញ្ជាក់ថា លោក នឹងមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump ដែលអាចនឹងធ្វើឡើង នៅថ្ងៃសុក្រនេះ។

លោក បានបន្ថែមថា លោក សង្ឃឹមចំពោះទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាមេរិក និងការគាំទ្ររបស់ពួកគេ ខ្ញុំសង្ឃឹមថា នឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីការហៅទូរស័ព្ទនេះ ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិក ប្រកាសនឹងផ្អាកការបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot, GMLRS (Guided Multiple Launch Rocket System) អាវុធដឹកនាំដោយភាពជាក់លាក់, កាំជ្រួចដឹកនាំ Hellfire, ប្រព័ន្ធការពារដែនអាកាសចល័ត Stinger man-portable និងអាវុធមួយចំនួនទៀត ទៅកាន់ទីក្រុងគៀវ ដែលជាកង្វល់ដ៏ធំរបស់លោក ហ្សេលេនស្គី៕

ដោយ៖ ពេជ្រ