សេតវិមាន បានបញ្ជាក់ពីផែនការផ្អាកការដឹកជញ្ជូនអាវុធមួយចំនួនទៅកាន់ទីក្រុងគៀវ ខណដែលសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែនកាន់តែខ្លាំងក្លា។

អ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បាននិយាយ កាលពីថ្ងៃអង្គារថា ការសម្រេចចិត្តនេះធ្វើឡើង ដោយគិតផលប្រយោជន៍អាមេរិកជាមុនសិន និងបន្ទាប់ពីការត្រួតពិនិត្យរបស់ក្រសួងការពារជាតិអំពីលទ្ធភាពគាំទ្រ និងជំនួយផ្នែកយោធាដល់ប្រទេសដទៃទៀត។
សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធារាប់សិបពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន ចាប់តាំងពីប្រទេសរុស្ស៊ី ចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួន នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលនាំឱ្យរដ្ឋបាលលោក Trump មួយចំនួនបញ្ចេញការព្រួយបារម្ភថាស្តុករបស់សហរដ្ឋអាមេរិក មានកម្រិតទាបពេក។ រដ្ឋាភិបាលអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសនេះទេ៕

ដោយ៖ ពេជ្រ