អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានថ្លែងឲ្យដឹងថា ចាប់តាំងពីចាប់កំណើតសារជាថ្មគទ្បើងវិញនាទសវត្សទី ៨០ វិស័យធានារ៉ាប់រងកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ច និងមានការវិវត្តគួរឲ្យកត់សម្គាល់ ខណមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ បាននិងកំពុងប្រតិបត្តិការនៅកម្ពុជា និងទំហំបុព្វលាភដុលមានជាង ៣៧០ លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបមានជាង ១.២ ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែប។ ការថ្លែងបែបនេះរបស់លោក អគ្គនាយកធ្វើទ្បើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ នីតិវិធីនៃការទទួលខុសត្រូវ និងដោះស្រាយបណ្តឹងធានារ៉ាប់រង” ដែលបានរៀបចំធ្វើទ្បើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារអាលីសវីទ្បា ខេត្តតាកែវ។

លោក អគ្គនាយកបានឲ្យដឹងថា វិស័យធានារ៉ាប់រងក្រោយបានចាប់កំណើតសាជាថ្មីនាទសវត្សទី៨០ ដើម្បីបំពេញតម្រូវការជាអាទិភាពនៃកិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិជាមួយ បណ្តាប្រទេសក្នុងតំបន់ និងចាប់ផ្តើមបញ្ជ្រាបចូលក្នុងសង្គមកម្ពុជាបន្តិចម្តងៗ រហូតមកដល់សព្វថ្ងៃ។ លោកអះអាងថា ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ ទីផ្សារធានារ៉ាប់រងកម្ពុជាមានការអភិវឌ្ឍ និងមានការវិវត្ត ជាដំណាក់កាល ដែលនៅដំណាក់កាលដំបូងចាប់ពីគ.ស.២០០០ ដល់គ.ស.២០០២ មានតែវត្តមាន ក្រុមហ៊ុនធានារ៉ាប់រងរបស់រដ្ឋតែមួយគត់ក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។ ចាប់ពីគ.ស.២០០៣ រហូតមក ដល់បច្ចុប្បន្ន ទើបមានវត្តមានរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាបន្តបន្ទាប់។

លោក ប៊ូ ច័ន្ទភីរូ ថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមាន ការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលគិតត្រឹមបច្ចុប្បន្នមាន ក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបើគិតត្រឹមគ.ស.២០២៤ ទំហំបុព្វលាភដុលមានជាង ៣៧០ លានដុល្លារអាម៉េរិក និងទ្រព្យសកម្មសរុបមាន ជាង ១.២ ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែប មានជាអាទិ៍៖ ផលិតផលធានារ៉ាប់រង អាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រង ភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន រហូតដល់ធានារ៉ាប់រងខ្នាតតូច សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។
លោកអគ្គនាយក ក៏បានឲ្យដឹងដែរថា វិស័យធានារ៉ាប់រងបានចូល រួមភាគទានក្នុងសេដ្ឋកិច្ចកម្ពុជា ប្រមាណ១.១៧% ហើយការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេ ធានារ៉ាប់រង ក្នុងគ.ស.២០២៤ បានកើន ២២.៣៣ ដុល្លារអាម៉េរិក សម្រាប់មនុស្សម្នាក់។

លោកបានបន្ថែមថា ក្នុងគ.ស.២០២១ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយបង្កើតនូវ “អាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)” ជាបញ្ញត្តិករសម្រាប់វិស័យ មានជាអាទិ៍៖ វិស័យធានារ៉ាប់រងនិង សោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិង សវនកម្ម និងវិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ ក្នុងនោះ និយ័តករធានារ៉ាប់រង កម្ពុជា ដែលជាសេនាធិការឱ្យ អ.ស.ហ. មានសមត្ថកិច្ចក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យការធ្វើអាជីវកម្ម ធានារ៉ាប់រងក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លោកថា ក្នុងគោលបំណងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្ត “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥” និយ័តករធានារ៉ាប់រង់កម្ពុជា បានដាក់ចេញនូវ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យធានារ៉ាប់រងកម្ពុជាឆ្នាំ២០២១-២០៣០” ដើម្បីកំណត់ចេញ ជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងក្នុងរយៈពេល ១០ ឆ្នាំ ក៏ដូចជាកំណត់អំពីផែនការសកម្មភាពការងាររបស់និយ័តករធានារ៉ាប់រងកម្ពុជាសម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែងដើម្បីធានានូវប្រសិទ្ធភាពនៃការបំពេញតួនាទីផងដែរ។

យ៉ាងណាក៏ដោយលោក ប៊ូ ច័ន្ទភីរូ ក៏បានថ្លែងបញ្ជាក់ថា ការយល់ដឹងលើការធានារ៉ាប់រង និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យបណ្តឹងធានារ៉ាប់រង មកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងប្រទេសកម្ពុជានៅមានលក្ខណៈចង្អៀតនៅឡើយ។ ហេតុនេះ បេសកកម្ម ចម្បងមួយរបស់និយ័តករធានារ៉ាប់រងនាពេលនេះ គឺផ្សព្វផ្សាយនិងអប់រំសាធារណជនអំពីសារៈប្រយោជន៍ នៃ ការធានារ៉ាប់រង និងកិច្ចការពារអតិថិជនធានារ៉ាប់រងដែលការណ៍នេះមានកំណត់ជាក់លាក់ក្នុងក្របខណ្ឌ យុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា របស់និយ័តករធានារ៉ាប់រងកម្ពុជា។ ជាក់ស្តែង ថ្ងៃនេះ និយ័តករធានារ៉ាប់រងកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធី នៃការទទួល និងការដោះស្រាយបណ្តឹងធានារ៉ាប់រង” គឺក្នុងគោលដៅបញ្ញាបនូវការយល់ដឹងបន្ថែម ជូនដល់មន្ត្រីរាជការ និងសាធារណជន អំពីក្របខណ្ឌគោលនយោបាយសម្រាប់វិស័យធានារ៉ាប់រង អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រង និង នីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានា រ៉ាប់រង ក៏ដូចជាខ្លឹមសារនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការធានារ៉ាប់រង។
លោកបន្ថែមថា ក្រៅអំពីការ ផ្សព្វផ្សាយ សិក្ខាសាលានេះក៏មានគោលបំណងបើកជាវេទិកាពិភាក្សា ដើម្បីស្រាយបំភ្លឺរាល់ចម្ងល់ នានាពាក់ព័ន្ធវិស័យធានារ៉ាប់រង ផងដែរ៕


