ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី៥៥ នៅប្រទេសឡាវ

នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥៥ នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។ កិច្ចប្រជុំបានពិភាក្សាលើការងារសំខាន់ៗរួមមាន៖

១. បានត្រួតពិនិត្យលើប្រតិបត្តិការការងាររបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ដោយក្នុងនោះប្រទេសជាសមាជិកបានវាយតម្លៃខ្ពស់ចំពោះការិយាល័យ MTCO ដែលអនុវត្តការងារយ៉ាងសកម្ម ប្រកបដោយគុណភាពលើការងារសំខាន់ៗរួមមាន៖ (១)ការរៀបចំផែនការយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គ ឆ្នាំ២០២៣០ (២)ការជំរុញផ្សព្វផ្សាយទេសចរមហាអនុតំបន់មេគង្គត (៣)វគ្គបណ្តុះបណ្តាលឌីជីថលដល់ស្ត្រីក្នុងសហគមន៍ទេសចរណ៍ (៤)ជំរុញសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ និង(៥)ជំរុញកិច្ចសហការអនុវត្តគម្រោងជាមួយដៃគូរនានា រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សូមជម្រាបជូនផងដែរថា រដ្ឋាភិបាលកម្ពុជាបានបង់ថវិកាវិភាគទានចំនួន ២ម៉ឺនដុល្លាប្រចាំឆ្នាំ ដើម្បីទ្រទ្រង់ដំណើរការរបស់ការិយាល័យ MTCO។

២. ប្រទេសជាសមាជិក GMS បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានស្តារវិស័យទេសចរណ៍ឡើងវិញទាំងស្រុងនៅឆ្នាំ២០២៤ ក្នុងចំនួនទេសចរអន្តរជាតិ ៦,៧លាននាក់។ លោកប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ក៏បានធ្វើបទបង្ហាញពីបច្ចុប្បន្នភាពវិស័យទេសចរណ៍កម្ពុជាក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ការដាក់ចុះសរសរស្តម្ភនៃកិច្ចសហការទាំង ៦ ការអនុវត្តផែនការនិងគោលនយោបាយពាក់ព័ន្ធ គោលដៅអាទិភាពទាំង៩ក្នុងការអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា  និងទិសស្លោកទេសចរណ៍ទាំង ៣ ក៏ដូចជាការដាក់ឱ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅនៅខែកញ្ញា ខាងមុខផងដែរ។

៣. ធនាគាអភិវឌ្ឍន៍អាស៊ីបន្តគាំទ្រដល់ប្រទេសជាសមាជិក GMS តាមរយៈគម្រោងអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងជំនួយបច្ចេកទេស (Technical Assistance) ជាពិសេសគម្រោងដែលបានស្នើឡើងក្នុងផែនការយុទ្ធសាស្ត្រ GMS 2030 ដោយប្រទេសជាសមាជិកចំនួន ៤៧គម្រោង ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លា។ ឯកឿត្តមអគ្គនាយក បានថ្លែងអំណរគុណចំពោះធនាគាអភិវឌ្ឍន៍អាស៊ី ដែលបានបញ្ជូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងភាពធន់របស់កម្ពុជា ដែលមានទំហំទឹកប្រាក់កម្ចី និងជំនួយបច្ចេកទេសប្រមាណ ៥០លានដុល្លា។ ក្នុងនោះកម្ពុជាក៏បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ពិនិត្យគម្រោងថ្មីដែលស្នើឡើងលើការជំរុញអនុវត្តស្តង់ដាគោលដៅទេសចរណ៍បៃតង និងស្តង់ដាទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលជាសំណើជំនួយបច្ចេកទេសនូវទឹកប្រាក់ចំនួន ៣លានដុល្លាអាមេរិក។

៤. អង្គប្រជុំក៏បានពិភាក្សាជាមួយដៃគូរពាក់ព័ន្ធដើម្បីជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍ GMS  ដោយផ្តោតសំខាន់លើគម្រោងរួមមាន៖ (១)គម្រោងពង្រឹងសមត្ថភាពលើ E-Commerce សម្រាប់សេវាកម្មស្នាក់នៅកម្រិតតូចនិងមធ្យម (២)គម្រោងគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព (Destination Eco-Talent) របស់អង្គការ OIF និង(៣)គម្រោងច្រករបៀងទេសចរណ៍ផ្លូវដែកអាស៊ាន។

៥.អង្គប្រជុំបានឯកភាពក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី ៥៦ នៅប្រទេសវៀតណាម អំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ និងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី ៥៧ និងវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៦ អំឡុងខែមិថុនា ឆ្នាំ២០២៦ នៅប្រទេសមីយ៉ាន់ម៉ា៕

Written by 

Related posts

Leave a Comment