និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “ផលិតផលធានារ៉ាប់រងអាយុជីវិត” ខណដែលសិក្ខាសាលានេះត្រូវបានរៀបចំទ្បើងនៅខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់។

ទន្ទឹមនោះ តំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត, គ្រឹះស្ថានឯកជន, សិស្សតាមបណ្ដាវិទ្យាល័យ សាកលវិទ្យាល័យ និងសាធារណជននៃខេត្តពោធិ៍សាត់ក៏បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះផងដែរ។
គោលបំណងនៃការរៀបចំសិក្ខាសាលាខាងលើនេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីអត្ថប្រយោជន៍របស់ផលិតផលធានារ៉ាប់រងអាយុជីវិត ឱ្យបានកាន់តែទូលំទូលាយដល់សាធារណជននៅក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាតួនាទីនិងភារកិច្ចរបស់ ន.ធ.ក. ក្នុងការការពារផលប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
តាមការកត់សម្គាល់ សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ ដែលជាផលិតផលផ្ដល់នូវអត្ថប្រយោជន៍ក្នុងការការពារកម្ចី និងការការពារលើជម្ងឺធ្ងន់ធ្ងរ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់ ន.ធ.ក. ក្នុងការគ្រប់គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានារ៉ាប់រង។

នៅចុងបញ្ចប់ សិក្ខាកាមទាំងអស់បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់នៅសេវាធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួល និងដោះស្រាយបណ្ដឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្ដាលឱ្យប៉ះពាល់ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមាន បញ្ហាសុខភាព ពិការភាពទាំងស្រុង ឬគ្រោះថ្នាក់ដែលប៉ះពាល់ដល់អាយុជីវិត៕



