រុស្ស៊ី និងអ៊ីរ៉ង់ បើកប្រតិបត្តិការវាយបកប្រឆាំងក្រុមឧទ្ទាមស៊ីរី

កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​ស៊ីរី​កំពុង​ដណ្តើម​យក​បាន​ទីក្រុង​ធំ​ទី​ពីរ​គឺ​អាឡិបប៉ូ ខណដែលរុស្ស៊ីនិងអ៊ីរ៉ង់បានរួមគ្នាបើកប្រតិបត្តិការវាយបកលើក្រុមឧទ្ទាម។

ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានបញ្ជាក់ដែរថាខណនេះកងកម្លាំងជាតិស៊ីរី បាននិងកំពុងវាយបកវិញ ដោយមានជំនួយពីរុស្ស៊ី និងការសន្យាផ្តល់ជំនួយពីអ៊ីរ៉ង់ថែមទៀត។

ចំណែកក្រុមឧទ្ទាម បើតាមតាមសេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមគេបានកាន់កាប់អាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង អាឡិបប៉ូ និងកំពុងវាយទៅខិតជិតដល់ខេត្ត ហាម៉ា ដែលស្ថិតនៅភាគកណ្តាលដ៏សំខាន់និងជាចំណុចយុទ្ធសាស្ត្រផងដែរ។

ទីភ្នាក់ងារ NHK បានទទួលបានវីដេអូដែលគេជឿថាមកពីទីក្រុង Aleppo កាលពីថ្ងៃសៅរ៍ ដោយបង្ហាញថា តាមផ្លូវស្តិតក្នុងភាពទទេ និងហាងលក់ទំនិញត្រូវបានបិទ។  អ្នក​ស្រុកក៏បានរៀបរាប់ថា ពួកគេ​បាន​ត្រឡប់​ទៅ​ទីក្រុង​វិញដោយចេញ​ពី​តំបន់​ផ្សេង​ទៀត​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម។ កងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងព្យាយាមបញ្ឈប់ការរុលទៅមុខដោយធ្វើការវាយឆ្មក់តាមអាកាសរួមគ្នាជាមួយកងកម្លាំងរុស្ស៊ី។ 

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសន្យាគាំទ្រកងកម្លាំងរបស់រដ្ឋាភិបាល ខណដែលលោកបានបញ្ជាក់ថា លោកបាននិយាយជាមួយលោក Assad តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ហើយបានសម្តែងការត្រៀមខ្លួនរបស់ទីក្រុង Tehran ក្នុងការផ្តល់ជំនួយណាមួយដល់រដ្ឋាភិបាលក្រុង Damascus ដើម្បីដោះស្រាយវិបត្តិដែលកំពុងបន្តផ្ទុះទ្បើងនៅស៊ីរី។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បានរាយការណ៍​ថា កងកម្លាំង​រដ្ឋាភិបាល​អាច​នឹង​ទទួល​បាន​ជំនួយ​នោះ​ឆាប់ៗនេះពីរុស្ស៊ីនិងអ៊ីរ៉ង់។ សារព័ត៌មានដដែលអះអាងថា យុទ្ធជនយ៉ាងហោចណាស់ ៣០០ នាក់មកពីកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីរួចហើយដើម្បីជួយកងកម្លាំងរដ្ឋាភិបាលស៊ីរី៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment