កងកម្លាំងទ័ពអាកាសឥណ្ឌា ត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់ នៅតាមព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។ នេះបើតាមសារព័ត៌មាន The Times of India បានរាយការណ៍ដោយដកស្រង់ប្រភព ។

យន្តហោះចម្បាំងប្រដាប់ដោយអាវុធពេញលេញនៅមូលដ្ឋានទ័ពខាងមុខនៅ Rajasthan និង Punjab កំពុងប្រុងប្រៀប សម្រាប់ប្រតិបត្តិការប្រយុទ្ធបន្ទាន់ណាមួយ។
ទន្ទឹមនោះ យន្តហោះចម្បាំងដែលមានមុខងារច្រើន Rafale ដែលទិញពីប្រទេសបារាំង បំពាក់ដោយកាំជ្រួច Scalp ពីអាកាសទៅដី អាចហោះក្នុងរយៈចម្ងាយជាង ៣០០ គីឡូម៉ែត្រ ក៏អាចត្រូវបានគេរំពឹងថា នឹងត្រៀមខ្លួនដូចគ្នា។
បើតាមកាសែត The Times of India បានបន្ថែមថា អាកាសយានដ្ឋានយោធារបស់ប្រទេសឥណ្ឌា ពេលនេះ កំពុងបង្កើនស្ថានភាពនៃការត្រៀមខ្លួន បន្ទាប់ពីការបាញ់ដែលមិនមានការបង្កហេតុពីកងកម្លាំងប៉ាគីស្ថាន កាលពីយប់ថ្ងៃទី ៤ ខែឧសភា លើភូមិចំនួន ៨ នៅតាមបណ្តោយបន្ទាត់ក្នុងតំបន់កាស្មៀរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែមេសា មានការសម្លាប់ជនជាតិឥណ្ឌា ២៥ នាក់ និងជនជាតិនេប៉ាល់ម្នាក់ រួមទាំងរងរបួសជាច្រើននាក់ទៀតដោយការបាញ់កាំភ្លើងយន្ត នៅក្នុងទីក្រុងទេសចរណ៍ដ៏ពេញនិយម Pahalgam ក្នុងទឹកដីសហភាពឥណ្ឌានៃ Jammu និងកាស្មៀរ ៕

ដោយ៖ ពេជ្រ