ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនប៉ះទីម័រខាងកើត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024 គ្រូបង្វឹកក្រុមបាល់ទាត់នារីកម្ពុជាលោក ឃួន ឡាបូរ៉ាវី ថា ក្រុមទាំងមូល ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់កូនក្រុម ហើយសង្ឃឹមថា ពួកគេនឹងធ្វើបានកាន់តែល្អថែមទៀត សម្រាប់ការប្រកួតថ្ងៃនេះ ។
លោកបន្ដថា «ពួកយើងរីករាយណាស់ ដែលបានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ។ យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាពិសេសកីឡាការិនីរបស់យើង ពួកគាត់បានបង្កើតប្រវត្តិសាស្ដ្រថ្មី មួយទៀត សម្រាប់បាល់ទាត់កម្ពុជា ហើយក្រុមទាំងមូល បានដាក់គោលដៅហើយថានឹងយកពានរង្វាន់មួយនេះ»។
សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិនារីទីម័រខាងកើត នាវេលាម៉ោង ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍ (AFF Women’s Cup 2024) នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ៕